មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឱ្យប្រជាពលរដ្ឋកុំប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់ គួរងាកមកធ្វើការនៅក្នុងប្រទេសប្រសើរជាង

0

សៀមរាប: ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០-លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួន១០០នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេស ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ស្ថិតនៅក្នុងវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនានេះថា បច្ចុប្បន្ននេះ ពិភពលោក នៅតែប្រឈមនិងមេរោគកូវិដ១៩ ហើយនៅរាល់ការធ្វើដំណើរឆ្លងដែន គឺត្រូវបានធ្វើពិនិត្យពីមន្រ្តីជំនាញយ៉ាងយកចិត្តទុកដាក់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។
លោកជំទាវបានបន្តថា ខណៈដែលកំពុងតែប្រឈមនិងបញ្ហាមេរោគកូវិដ១៩នេះ យើងឃើញថា មានប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមានការលួចឆ្លងដែនដោយខុសច្បាប់តាមរយៈការចាញ់បោកមេខ្យល់។លោកជំទាវបានណែនាំឱ្យប្រជាពលរដ្ឋដែលមានបំណង់ឆ្លងដែនដោយខុសច្បាប់គួរបឈ្ឈប់ជាបន្ទាន់ ព្រោះការលួយឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឱ្យបងប្អូនប្រឈមនិងបញ្ហាជាច្រើន ដូចជា ងាយឆ្លងមេរោគកូវិដ១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននិងធ្វើបាប់គ្រប់សព្វបែបយ៉ាង។
លោក ជូ ប៊ុនអេង បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យទៅធ្វើការក្រៅប្រទេសនោះទេ ប៉ុន្តែបងប្អូនត្រូវចាំឱ្យស្ថានភាពកូវិដចប់សិន ហើយត្រឡប់ទៅធ្វើការក្រៅប្រទេសវិញតាមរយៈក្រសួងការងារឬក្រុមហ៊ុនដោយស្របច្បប់។

ស្ថានភាពបច្ចុប្បន្ននេះ បងប្អូនគួរងាកមកធ្វើការងារនៅក្នុងស្រុកសិនល្អជាង ដូចជាការដាំបន្លែបង្កា ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន។
លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្រុកក្រឡាញ់មាន ប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កក្នុងវិទ្យាល័យក្រឡាញ់មានចំនូន៦៥៤នាក់ ស្រី ២៩៤នាក់។ ហើយអ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កមកដល់ថ្ងៃនេះមានចំនួន៥០៥នាក់ ស្រី២២៦នាក់ ក្នុងនោះ កុមារា ៣១នាក់ កុមារី ២៥នាក់ និងស្ត្រីមានផ្ទៃពោះ ១២នាក់។ បច្ចុប្បន្ននៅសល់ចំនួន១៤៩នាក់ ស្រី ៦៨នាក់ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ហើយរៀងរាល់ថ្ងៃនេះ នៅមានបងប្អូនប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីប្រទេសថៃជាបន្តបន្ទាប់៕