ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ១៦វត្ត ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងប្រតិភូអមដំណើរបាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងចំនួន ១៦វត្ត បន្ថែមទៀត ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្ថិតក្នុងវត្តស្វាយព្រហូត នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។

លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។

លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ៣នាក់ទេដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៦នាក់។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោក គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅ ឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

លោកជំទាវក៏បានរំលឹកប្រជាពលរដ្ឋថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងថវិការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមការងារ បានប្រគេន១៦វត្ត រួមមាន ៖ ប្រេង ៣០លីត្រ អង្ករ ១០០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ ១កេស ស្ករ ស ១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ខ្ទឹម ស ២គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល ២គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ៣០កំប៉ុង ចង្ហាន់ ១ស្រាក់ ថវិកាមួយចំនួន និងម៉ាស់២០.០០០ម៉ាស់ សម្រាប់ព្រះសង្ឃ និងអាជ្ញាធរប្រើប្រាស់ដើម្បីបង្ការ និងទប់ស្កាត់ជំង្ងឺកូវីដ១៩ផងដែរ ៕