ក្រុមហ៊ុនអេឡេណា ឧបត្ថម្ភជេលលាង២២៥ដបជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់កម្លាំងប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

រាជធានីភ្នំពេញ៖ក្រុមហ៊ុនអេឡេណា បានឧបត្ថម្ភជេលលាងដៃ ចំនួន២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់កម្លាំងនគរបាលប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩។គ្រាដែលនាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថានៅកម្ពុជាជម្ងឺឆ្លងកូវីដ១៩នៅតែគម្រាមកំហែងប្រជាពលរដ្ឋកម្ពុជាជាប់ជានិច្ច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតែបន្តប្រុងប្រយ័ត្នចូលរួមអនុវត្តវិធានបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួនជាដដែល។របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងបានបង្ហាញឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្ពុជានៅថ្ងៃទីនេះពុំបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ។កម្ពុជាបច្ចុប្បន្នបានព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ឱ្យជាសះស្បើយចំនួន១២៧នាក់ និងនៅមានអ្នកជំងឺ០២នាក់កំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណប្រធានក្រុមហ៊ុនអេឡេណាកញ្ញារ៉ូស ដែលបានយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ចូលរួមការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ ។នេះជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមដោយធានាបានសុវត្ថិភាពល្អនៅក្នុងរាជធានីភ្នំពេញ។
ជុំវិញការងារបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនដល់ប្រធានក្រុមហ៊ុន អេឡេណា ឱ្យដឹងថា អនុវត្តតាមគោលការណ៍និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែបានអនុវត្តវិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ជាប្រចាំ។ក្នុងនោះបានចាត់មន្រ្តីជំនាញនគរបាលការិយាល័យសុខាភិបាលចុះជាបន្តបន្ទាប់បាញ់ថ្នាំកំចាត់មេរោគ នៅតាមកន្លែងធ្វើការងាររបស់កម្លាំងនគរបាលគ្រប់អង្គភាពនិងបានផ្សព្វផ្សាយបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩៕