ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាល ជាមួយយោធិនត្រៀមចូលសោធន៍និវត្តន៍១១នាក់នៅចុងឆ្នាំ២០២០

ខេត្តកំពង់ធំ៖  យោធិនចំនួន១១នាក់ ដែលត្រៀមចូលនិវត្តន៍ នៅចុងឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលើកទឹកចិត្ត ពីឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយផ្សារភ្ជាប់នូវមនោសញ្ចេតនា និងដឹងគុណចំពោះយោធិនដែលធ្លាប់រួមសុខ រួមទុក្ខ ជាមួយគ្នាក្នុងការបំពេញភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ  ក៏ដូចជាការអនុវត្តន៍ការងាររួមគ្នា ក្នុងរយៈពេលកន្លងមក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ  សោម ស៊ុន បានសំណេះសំណាលជាមួយបងប្អូនយោធិនដែលត្រូវបានក្រសួង​ការពារជាតិ​ត្រៀមដាក់ចូលជាសោធន៍និវត្តន៍ ចំនួន ១១ នាក់ ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែ មីថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះបងប្អូនយោធិនទាំង១១នាក់ ដែលរួមសុខរួមទុក្ខ ជា មួយគ្នា  និងបានខិតខំបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជន  នឹង ក្នុងបំពេញភារកិច្ចជូនអង្គភាពបានល្អប្រសើរ និងបានបញ្ជាក់ជូនបងប្អូន នៅពេលដែលបងប្អូនក្លាយជាអតីតយុទ្ធជន គឺបងប្អូនត្រូវបានការយកចិត្តទុក្ខបន្តទៀតពីគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយមិនទុកឲ្យបងប្អូននៅឯកកោម្នាក់ឯងនោះទេ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងបញ្ជាក់ថា នៅពេលខាងមុខ បងប្អូនត្រូវបានបើកប្រាក់ឧបត្ថម្ភមួយលើកដើម្បីត្រៀមរៀបចំជីវភាពផ្ទេរទៅមន្ទីរសង្គមកិច្ចនៅចុងឆ្នាំ២០២០ខាងមុខនេះ នៅពេលបងប្អូនត្រូវទៅរស់នៅមូលដ្ឋាន ជាជនស៊ីវិល  ត្រូវខិតខំគោរពអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមច្បាប់របស់រដ្ឋ តាមការណែនាំរបស់អាជ្ញាធរដែនដី បំពេញភារកិច្ចជាពលរដ្ឋល្អនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ក្រោយពី ពិធីសំណេះសំណាលត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនកន្សែងអនុស្សាវរីយ៍ម្នាក់មួយ រួមទាំងថវិកា ជូនដល់យោធិននិវត្តន៍ទាំង១១នាក់ និងបានអគុណ  ចំពោះទឹកចិត្តដ៏ប្រពៃ ប្រកបដោយភាពកក់ក្តៅ របស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុក្ខដល់បងប្អូនគ្រប់កាលៈទេសៈទាំងនៅក្នុងជួរកងទ័ព និងយោធិនដែលត្រៀមចូលនិវត្តន៍ ក្នុងនោះយោធិន បានប្តេជ្ញាចិត្ត គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រ កម្ពុជា  ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅមុខទៀត ។

ដោយ ប៊ុន រដ្ឋា