រថយន្តដឹកឈើប្រឹងបើករត់គេងលួចទម្លាក់ឈើចេញពីឡាន ត្រូវបាននាយកដា្ឋននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់រដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបាន

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, លោក ឡាវ សេដ្ឋាផល អនុប្រធាននាយកដ្ឋាននីតិកម្ម និងការពង្រឹងការអនុវច្បាប់រដ្ឋបាលព្រៃឈើ (ថ្នាក់កណ្តាល) ដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងបឹងទន្លេសាប និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ចុះដកហូតឈើស្រឡៅ ចំនួន៨០សន្លឹក ប្រវែង៦ម៉ែត ស្មើរនឹង (៣.៦ ម៉ែត្រគូប) នៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការនេះដែរលោក ឡាវ សេដ្ឋាផល ប្រាប់អ្នកសារព័ត៌មានថា រថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ម៉ាក ហ៊ីយិនដាយ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A 2176 គឺជាវត្ថុតាងជាក់ស្តែងដែលជនសង្ស័យបើកបររត់គេច ក្រោយពេលសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីង បន្តចូលក្នុងដីឡូត៍ផ្ទះរបស់ប្រជាពលរដ្ឋ បន្ទាប់មកធ្វើការទម្លាក់ឈើចេញពីរថយន្តបម្រុងបើករត់បន្តទៀត ប៉ុន្តែត្រូវកម្លាំងជំនាញឃាត់បានទាំងរថយន្ត និងឈើ ព្រមទាំងធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុក នៅស្នាក់ការអធិការដ្ឋានខាងជើងបឹងទន្លេសាប ដើម្បីកសាងនីតិវិធី ធ្វើការពិន័យតាមច្បាប់អន្តរកាលរបស់រដ្ឋបាលព្រៃឈើ។ លោកបញ្ជាក់ដែរថា ការលួចមកទម្លាក់តាមផ្ទះរបស់ប្រជាពលរដ្ឋ គឺជាឧបាយកលរបស់ជនសង្ស័យមួយចំនួន ដែលតែងយកប្រជាពលរដ្ឋជាខែល ដើម្បីរួចផុតពីសំណាញ់ច្បាប់ ដោយថាជារបស់ប្រជាពលរដ្ឋយកមកធ្វើផ្ទះសម្រាប់ស្នាក់នៅ តែតាមពិតគឺជាល្បិចជនខិលខូចឲ្យប្រាក់បន្តិចបន្ទួច ជាថ្នូរនិងការផ្ញើរផលអនុផលព្រៃឈើខុសច្បាប់តែប៉ុណ្ណោះ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំធ្វើការពាក់ព័ន្ធជាមួយបុគ្គលទាំងអស់នេះ ព្រោះអាចនាំឲ្យមានការរងផលប៉ះពាល់ដោយសាទង្វើរទាំងនេះ ឈានទៅដល់ការអនុវត្តច្បាប់ ធ្វើឲ្យខ្លួនក្លាយជាជនរងគ្រោះ។
ប្រភពប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដែរថា ឈើ និងរថយន្តនេះ មិនមែនជារបស់ខ្លួន ហើយមិនមានអ្វីជាប់ពាក់ព័ន្ធនោះទេ និងសូមឲ្យសមត្ថកិច្ចដកហូតរថយន្ត និងឈើទាំងអស់ទៅបន្តអនុវត្តតាមនីតិវិធីច្បាប់។ ប្រភពប្រជាពលរដ្ឋផ្សេងទៀត បញ្ជាក់ដែរ រថយន្តនេះ គឺជារបស់ឈ្មោះ លោក “ថា” រស់នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយតែងតែដឹកឈើតាមក្នុងភូមិរបស់របស់ពួកគាត់ផងដែរ។