អភិបាលខេត្តកំពតចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍២កន្លែងក្នុងស្រុកទឹកឈូ

0

ខេត្ត​កំពត.នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត ថ្នាក់ដឹកជុំវិញខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ពីរកន្លែង គឺគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ របស់វិស័យឯកជន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ស្តារប្រឡាយទឹក និងសាងសង់ផ្លូវបេតុងពីរខ្សែរបស់រដ្ឋបាលខេត្ត ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
…………………………………………..
គម្រោងទាំងពីរនោះរួមមាន គម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍ធម្មជាតិ របស់លោក ខាត់ ប៊ុណ្ណា នៅលើកោះនិស្ស័យដែលមានទំហំផ្ទៃដីប្រមាណ១៧ហិកតា ស្ថិតនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ នឹងបង្កើតឲ្យមាន ជាសួនកម្សាន្ត អាហារដ្ឋាន ខ្ចុះអង្គុយមាត់ព្រែក ស្ពានគយគន់ទេសទេសភាពថ្ងៃលិច ទូកទេសចរណ៍ និងសេវាទេសចរណ៍មួយចំនួនទៀត ហើយបើតាមគម្រោង រំពឹងថានឹងអាចបើកដំណើរការទទួលភ្ញៀវទេសចរនៅឆ្នាំ២០២១ខាងមុខ។ និងគម្រោងទី២. ការស្តាប្រព័ន្ធប្រឡាយទឹក និងសាងសង់ផ្លូវបេតុងពីរខ្សែរបស់រដ្ឋបាលខេត្ត ស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (ជាតំបន់ជាប់ក្រុងកំពត)។
ឧត្តមជាវ តាយ អភិបាលខេត្តកំពត បានកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍វិស័យទេចរណ៍មួយនេះ និងថាវាពិតបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែសម្បូរបែប។ លើសពីនេះ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិនេះ ក៏នឹងអាចធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារ បង្កើនប្រាក់ចំណូល ធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាក្នុងខេត្តកំពតទាំងមូល កាន់តែប្រសើរឡើង។
យ៉ាងណាក៏ដោយ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ម្ចាស់វិនិយោគគម្រោង មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណា៖ ទី១. ការអភិវឌ្ឍន៍ មិនឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំង, ទី២.ការរៀបចំការអភិវឌ្ឍន៍ទាំងអស់ ត្រូវធ្វើទៅតាមលក្ខណៈបច្ចេកទេស ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ចៀសផុតពីហានីភ័យផ្សេងៗ ពិសេសបញ្ហាទឹកជំនន់នៅពេលបើកទ្វារទឹករំដោះទឹក របស់ទំនប់វាសអគ្គីនីកំចាយ។
ដោយឡែកសម្រាប់គម្រោង ស្តារប្រពន្ធប្រឡាយទឹក ជាកិច្ចការងារសំខាន់មួយ ដើម្បីរំដោះទឹកចេញពីក្រុងផង និងដើម្បីអាចសាងសង់ផ្លូវបេតុងពីរខ្សែ ដែលខ្សែទី១ តភ្ជាប់ពីផ្លូវជាតិលេខ៣ រ៉បតាមផ្លូវរថភ្លើង និងខ្សែទី២ តភ្ជាប់ពីផ្លូវជាតិលេខ៣ កាត់តាមប្រឡាយទឹក ហើយតទៅតភ្ជាប់ជាមួយ ផ្លូវបេតុងខ្សែទី១ ដែលស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ៕