បើករថយន្តមិនប្រកាន់ស្ដាំ បុកជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២របួសធ្ងន់២នាក់

0

ខេត្តសៀមរាប៖ មនុស្ស២បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជារ៉ឺម៉ករបស់ពួកគាត់ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង១៣និង៥០នាទីនៅលើផ្លូវជាតិលេខ៦៦ ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហៃយ៉ាសពណ៌ទឹកប្រាក់ពាក់ផ្លាកលេខសៀមរាប 2B 0665 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូងជើងពេលមកដល់ចំណុចកើតហេតុក៏បានមកបុកនឹងម៉ូតូ សេ១១០កូរ៉េពណ៌ក្រហមផ្លាក់លេខគ្មាន បើកសណ្ដោងរ៉ឺម៉ក ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួន សុធារិទ្ធ ភេទប្រុសអាយុ៤៤ឆ្នាំសញ្ជាតិខ្មែរ ជាអ្នកបើកបរម៉ូតូសណ្តោងរឺម៉ក និងឈ្មោះ ញិត តាត ភេទប្រុសអាយុ៤១ឆ្នាំ ។ចំណែកអ្នករងរបួសធ្ងនមាន ឈ្មោះ វាន វេត ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ជួប បៀន ភេទប្រុស អាយុ៤៣ឆ្នាំ។ អ្នកទាំង៤នាក់មានទីលំនៅក្នុងភូមិក្រពើ ឃុំបល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ទៅ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែកសាកសពប្រគល់អោយទៅក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។តាមការវាស់វែង សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្ដាលមកពី អ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ៕