អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលាដំបូងខេត្តស្ទឹងត្រែង….

ខេត្តស្ទឹងត្រែង៖អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលាដំបូងខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងសាលាដំបូងខេត្តក្រចេះ ជាពិសេស សាលាដំបូងខេត្តស្ទឹងត្រែង អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមសហការគ្នា បង្ក្រាបគ្រឿងញៀន បានយ៉ាងល្អប្រសើរ។ នាយឧត្តមសេនីយ៍ មានប្រសាសន៍ក្រើនរំលឹក ដល់អាជ្ញាធរខេត្ត សាលាដំបូង និងអយ្យការខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ គ្រប់ស្ថាប័ន អង្គភាព នៃកងម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងលើយន្តការ នៃការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវសហការណ៍គ្នាឲ្យកាន់តែជិតស្និទ្ធ រវាងស្ថាប័នសមត្ថកិច្ច ជាមួយអង្គការជាតិ និងអន្តរជាតិ ជាពិសេស ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដើម្បីសម្រេចឲ្យបាន នូវទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ដើម្បីអនាគត់កូនចៅ និងសង្គមជាតិរបស់យើង។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានផ្តាំផ្ញើ ដល់ស្រទាប់យុវជន និងសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ គ្រឿងញៀនបំផ្លាញការសិក្សា ជីវិតសហគមន៍ និងជីវិតដ៏ស្រស់ស្អាតរបស់ប្អូនៗ បើស្រឡាញ់ខ្លួនឯង ស្រឡាញ់ឪពុកម្តាយ ក្រុមគ្រួសារ សូមប្អូនៗកុំប្រើប្រាស់គ្រឿងញៀនអោយសោះ។

  សូមជម្រាបថា នេះជាលើកទី៤ហើយ សម្រាប់ខេត្តភាគឥសាន្ត ដែលបានប្រារព្ធពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដោយលើកទី១ នៅឆ្នាំ២០១៦ ,លើកទី២ នៅឆ្នាំ២០១៧ , លើកនេះជាលើកទី៣ នៅឆ្នាំ២០១៩ និងលើកទី៤ នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២០នេះ នៅខេត្តស្ទឹងត្រែង ភាគឥសាន្តប្រទេស៕