គ្មានលុយលោះម៉ូតូសម្រេចចិត្តធ្វើអត្តឃាត លោតពីលើភ្នំ

បន្ទាយមានជ័យ : លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា មានយុវជនម្នាក់បានលោតពីលើភ្នំធំ សម្លាប់ខ្លួន ខណៈដែលមិនហ៊ានចូលផ្ទះព្រោះគ្មានលុយលោះម៉ូតូដែលខ្លួនដាក់បញ្ចាំ។ហេតុការលោតនេះបានកើតឡើងក្នុងអំឡុងម៉ោង ៥និង៥៨នាទីព្រឹកព្រលឹម ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក ស៊ិន ណារ៉ាក់ បានអោយដឹងផងដែរថាជនរងគ្រោះមានឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។យោងតាមការរៀបរាប់បំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅភូមិ ភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបូរីចំនុចកើតហេតុ បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០វេម៉ោង៦យប់ ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថាពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឲ្យផុតៗ ចង់តែឡើងលើភ្នំឲ្យរន្ទះបាញ់ស្លាប់។
ក្រោយនិយាយរួចជនរងគ្រោះក៏បានដើរចេញទៅបាត់ ហើយខ្លួនគេក៏ចូលដេក ។លុះដល់ម៉ោងប្រហែលមួយរំលងអាធ្រាត្រខ្លួនបានលឺថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោមតែខ្លួនមិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូហែរមកហើយ រហូតដល់ម៉ោង៥ព្រឹកឡើង ពេលខ្លួនដើរទៅបត់ជើងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំតែម្តង។
លោកអធិការបានបញ្ជាក់ថាឈ្មោះ រ៉ន ភារ៉ានេះជាមុខសញ្ញាជក់ និងលក់ថ្នាំញៀនយ៉ាងសកម្មហើយក៏ធ្លាប់ជាប់ពន្ធធាគារនឹងមណ្ឌលកែប្រែព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ ។
ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបញ្ជាឲ្យកម្លាំងនគរបាលជំនាញនឹងបង្កើតគណកម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យចាប់អារម្មណ៍ដូច្នេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាសពបុរសនេះពិតជាស្លាប់ដោយសារតែលោតពីលើកំពូលភ្នំផ្ទប់និងថ្មបាក់ ក ស្លាប់ពុំមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ។សព ក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕