ថ្នាក់ដឹកនាំនគរបាលជាតិ ជាន់ខ្ពស់ស្នើឲ្យបង្កើនការទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់

ខេត្តស្ទឹងត្រែង:ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ ដែលបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៧០១ នៅថ្ងៃទី០១ខែកក្កដា ក្រោមអធិបតីភាព នាយឧត្ដម
សេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ។ក្នុងពិធីនោះ លោកវរសេនីយ៏ទោ សី សំឡេង មេបញ្ជាការរងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ ត្រូវប្រកាសឲ្យឡើងកាន់មុខតំណែងថ្មី ជាមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ជំនួសមេបញ្ជាការចាស់ ដែលបានទទួលមរណៈភាពដោយជម្ងឺ ។ ទន្ទឹមនិងនោះក៏បានប្រកាស់លោកអនុសេនីយ៏ទោ ចាន់ សុធា ឡើងជាមេប៉ុស្ដិ៍បុរីអូរស្វាយសែនជ័យ និង៥រូបទៀតបានតម្លើងឋានន្ដរស័ក្តិនៅក្នុងអង្គភាព ផងដែរ ។ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានដាក់ទិសដៅសូមឲ្យមេបញ្ជាការទើបឡើងថ្មី ត្រូវយកគំរូ និងបទពិសោធន៍ល្អៗពីអ្នកមុន ហើយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងចូលរួមគ្រប់យុទ្ធនាការរបស់រាជរដ្ឋាភិបាល ធ្វើសេនាធិការជូនស្នងការ កសាងផែនការលម្អិតពាក់ព័ន្ធនិងសន្តិសុខសណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែន ។

នាយឧត្ដមសេនីយ៍បន្តថា ៖ក្នុងនាមជាមេដឹកនាំជាអណាព្យាបាល ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ បើកចិត្តឲ្យទូលាយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវដឹងសុខទុក្ខកងកម្លាំង ត្រូវបង្កើនការត្រួតពិនិត្យតាមបន្ទាត់ព្រំដែនជាប្រចាំ និងបង្ការទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីរក្សាអនុវត្តនយោ បាយភូមិ/ឃុំមានសុវត្ថិភាពជូនប្រជាពល
រដ្ឋ ។ សំខាន់ ក្នុងនាមជាមេបញ្ជាការ ត្រូវចេះតាមមើលសភាពកាណ៍ រាល់សកម្ម
ភាព ការរិះគន់ កែលម្អ មូលបង្កាច់ផ្សេងៗ ត្រូវបកស្រាយ ពន្យល់ ឆ្លើយតបឲ្យទាន់
ពេលវេលាដើម្បីការពារកិត្តិយសអង្គភាព ។

លោកវរសេនីយ៍ទោ សី សំឡេង មេបញ្ជាការថ្មី ក៏បានឡើងប្ដេជ្ញាចិត្ត និងយកតួនាទីថ្មីដែលថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ បានប្រគល់ភារកិច្ច និងលើកទឹកចិត្តឲ្យទទួលតំណែង ជាមេបញ្ជាការវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៧០១នាពេលនេះ លោកនិងប្ដេជ្ញាអនុវត្ត គោរពបទបញ្ជារផ្ទៃក្នុង និងពង្រឹងតួនាទីកងកម្លាំងក្នុងអង្គភាព បង្កើនការទំនាក់ទំនងសហការណ៍ឲ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ និងខិតខំអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ជាតិ និតិបញ្ញត្តិព្រំដែន តាមរយៈបង្កើនការត្រួតពិនិត្យ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ ៕