ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ចំនួន ៤២គ្រួសារសង្កាត់ជ្រាវ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

0

សៀមរាប៖​  ព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២០ នេះ រដ្ឋបាលសង្កាត់ជ្រាវបានរៀបចំដំណើរការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ មានចំនួន ៤២ គ្រួសារ ដើម្បីទទួលប័ណ្ណក្រីក្រទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ក្នុងការឧបត្ថម្ភសាច់ប្រាក់នេះ ជាគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ ហើយរាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ : «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ។

ចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន បានមានប្រសាសន៍ថា ជាគោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ ។ ការដាក់ចេញនូវកម្មវិធី នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ«ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។
លោកបានបញ្ជាក់ថា សំរាប់សង្កាត់ជ្រាវ មានប្រជាពលរដ្ឋក្រីក្រចំនួនសរុប៣២០គ្រួសារដែលបានចែកបណ្ណ័ជាពីរវគ្គ លើកទី១ មាន២៧៨គ្រួសារ និង លើកទី២នេះមាន៤២គ្រួសារ ៕