អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកមេភូមិមេឃុំនិងចៅ ក្នុងពិធីសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ ចែកអំណោយមនុស្សធម៌ជូនគ្រួសារ ងាយរងគ្រោះ១២៧គ្រួសារ.

ខេត្តកំពង់ធំ  សាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ  បានយកអំណោយ មនុស្សធម៌ មកចែកជូនដល់ក្រុមគ្រួសារ ដែលងាយរងគ្រោះ ១២៧ គ្រួសារ ចំនួន ២ ទីតាំង ទីតាំងទី ១ ស្ថិតនៅ សាលាសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទីតាំងទី២  ស្ថិតនៅ វត្តទេពនិមិត្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០។

នៅក្នុងពិធី ចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជូនក្រុមគ្រួសារ ជនងាយរងគ្រោះ ស្ថិតក្រោមអធិបតីភាព ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដោយមាន ប្រធានអនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ ចូលរួមចែកអំណោយ  ជូនដល់គ្រួសារ ងាយរងគ្រោះដែលបានអញ្ជើញមកពី៥ភូមិ  ក្នុងមួយគ្រួសារ បានទទួលអង្ករមួយបេ ទឹកស៊ីអ៊ីវ ទឹកត្រី២យូរ ត្រីខកំប៉ុងមួយឡូត៍ មីមួយកេស ច្រាសដុះខោអាវមួយ សាប៊ូមួយដុំ ។

ឯកឧត្តមសុខ លូ  អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រើនរំលឹកដល់មេភូមិ ចៅសង្កាត់និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ដែលធ្វើការ ផ្តល់សាច់ប្រាក់ជូនដល់ ប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពក្រីក្រ ក្នុងដំណាក់កាលមេរោគជំម្ងឺកូវិដ១៩ Covid-19 ដោយហាមដាច់ខាតមិនឲ្យមានបក្សពួក ស៊ីលើស៊ីក្រោម ប្រព្រឹត្តអំពើពុករលួយដាច់ខាត ត្រូវធ្វើការដោយស្មោះត្រង់ ប្រកបដោយភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាក្តីរំពឹងនិង ជឿជាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែបើដឹងហើយនៅតែប្រព្រឹត្តនិងមិនអោយរួចខ្លួន និងមិនលើកលែងជាដាច់ខាត កុំថាមិនបានប្រាប់មុន។

អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ បងប្អូនកូនក្មួយ លោកយាយលោកតា ទាំងអស់ត្រូវតែចូលរួម ការពារទប់ស្កាត់ការឆ្លងរីករាលដាល នូវមេរោគកូវិដ១៩ Covid-19 ដោយត្រូវតែចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល  ដើម្បីភូមិយើង ខេត្តយើង សហគមយើង គ្មានការឆ្លងកូវិដ១៩ ដោយសារតែ បញ្ហាជំងឺកូវិដ១៩នេះ បានឆ្លងរីករាលដាលនៅលើពិភពលោក សរុបជិត១៣លាននាក់ហើយ ចំណែកប្រទេសកម្ពុជា អ្នកមានវីរុសកូវិដ១៩ បានរកឃើញទាំងអស់ ទូទាំងប្រទេសកម្ពុជា១៦៥នាក់ ស្រ្តី៤០នាក់ ប្រុស១២៥នាក់ ព្យាបាលបានជាសះស្បើយចំនួន១៣៣នាក់​ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ ៣២នាក់ ដូច្នេះត្រូវលាងដៃនិងសាប៊ូ ពាក់ម៉ាសនៅពេលចូលក្នុងចំណោមមហាជន ។

ឯកឧត្តមសុខ លូ  បានសំណូមពរ ឲ្យបងប្អូនពុកម៉ែមីងមា ខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការអប់រំ កូនចៅ បុត្រធិតាជាទីស្រឡាញ់ ឲ្យគោរពតាមដំបូន្មានឳពុកម្តាយ ខំសិក្សារៀនសូត្រ ប្រតិបត្តិតាមគន្លងធម៌ ចៀសឲ្យឆ្ងាយពីល្បែងឧបាយមុខ ដូចជាគ្រឿងញៀនជាដើម វាជាឃាតករដសាហាវ បំផ្លាញ់សង្គមជាតិ បំផ្លាញអនាគត់ បំផ្លាញកិត្តិយស់គ្រួសារ និងត្រូវតែចូលរួម គ្រប់អង្គភាព ស្ថាប័ន ប្រជាពលរដ្ឋ និងមាតាបិតា អនាព្យាបាលទាំងអស់ ដោយកុំគិតថាបញ្ហាគ្រឿងញៀន ជាតួនាទីរបស់សមត្ថកិច្ចឲ្យសោះ បើគ្មានការចូលរួមពីអស់លោក លោកស្រីនោះទេ បញ្ហាគ្រឿងញៀនក៏មិនអាចទប់ស្កាត់បាននោះឡើយ ហើយថ្ងៃណាមួយ ឃាត់ករគ្រឿងញៀននេះ និងក្លាយជាឃាតករបំផ្លាញអនាគត់កូនប្រុសស្រី របស់លោកអ្នកមិនខាន ដូច្នេះត្រូវ តែចូលរួមឲ្យបានដាច់ខាត កុំឲ្យគ្រឿងញៀនបំផ្លាញជីវិតយើងទាំងអស់គ្នាបាន ។

ដោយ ប៊ុន រដ្ឋា