វីតាល់ បន្តឧបត្ថម្ភអង្ករ១០តោន ក្នុងឆ្នាំ២០២០ ជូនមន្ទីរពេទ្យកុមារអង្គរ

0

សៀមរាប៖ ក្រុមហ៊ុនទឹកពិសាវីតាល់បន្តឧបត្ថម្ភអង្ករ១០តោនក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២០ ជូនដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា នេះជាឆ្នាំទី២ដែលវីតាល់ឧបត្ថម្ភអង្ករ១០តោនជូនមន្ទីរពេទ្យបន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩ ។
លោកបន្តថា«វីតាល់តែងយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ហើយក្រុមការងារយើងបានយល់ដឹងច្បាស់ពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់រយនាក់ជារៀងរាល់ថ្ងៃ។»
លោកបានបង្ហើបឲ្យដឹងទៀតថា«ការចូលរួមរបស់យើងក្នុងថ្ងៃនេះជាមួយមន្ទីរពេទ្យកុមារអង្គរ បានមកពីមូលនិធិ២៥៛របស់វីតាល់ដែលយើងតែងដកថវិកា២៥៛ពីការលក់វីតាល់ក្នុងមួយដប សម្រាប់ចូលរួមក្នុងការងារសង្គមនានា។ជាមួយនឹងមូលនិធិ២៥៛នេះយើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍដោយមាននិរន្តរភាពទៅថ្ងៃអនាគត»។
លោកទេពណាវីនាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរបានស្ញើចសរសើរដល់ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនជាតិគំរូ ដែលតែងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ។ ការចូលរួមនេះ បានជួយលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានកម្លាំងចិត្តបម្រើសេវាកម្ម ពិនិត្យព្យាបាលកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងទៀត ខណៈមន្ទីរពេទ្យកំពុងត្រូវការជំនួយនេះ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ៕