តីកសិកម្ម ផលិតត្រីឆ្អើរធម្មជាតិ សម្តែងការព្រួយបារម្ភ អំពីការខ្វះខាតត្រីស្រែ សម្រាប់ផលិត

0

កំពង់ធំ៖ សហគមន៍ស្រ្តីកសិកម្ម ផលិតត្រីឆ្អើរ ម៉ាំ និងផ្សិតចំប៉ើង ស្ថិតក្នុងភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សម្តែងការព្រួយបារម្ភអំពីការខ្វះខាតភោគផលត្រីធម្មជាតិ សម្រាប់ផលិតត្រីឆ្អើរលក់ទៅកាន់ទីផ្សារក្នុងស្រុក។
លោកស្រី ឈុត អូន សមាជិកសហគមន៍ស្រ្តីកសិកម្ម ដែលកំពុងផលិតត្រីឆ្អើរធម្មជាតិ ប្រាប់ឲ្យដឹងថា មុខរបរធ្វើត្រីឆ្អើរធម្មជាតិរបស់គ្រួសារលោកស្រី នៅភូមិចំបក់ជើង ស្ថិតនៅក្នុងសន្ទុក ខេត្តកំពង់ធំ ធ្វើរអស់រយៈពេលប្រមាណជិត៣០ឆ្នាំមកហើយ។ លុះក្រោយមក ក៏មានការបង្កើត និងចងក្រងជាសហគមន៍ស្រ្តីកសិកម្ម ដែលធ្វើការផលិតផ្តោតសំខាន់លើការកែច្នៃ ផលិតផលនេសាទត្រីធម្មជាតិ មានដូចជា ម៉ាំ និងត្រីឆ្អើរជាដើម។ លោកស្រីបន្តថា ក្នុងសហគមន៍នេះ មានសមាជិកចំនួន៥០គ្រួសារ។ ក្នុងនោះគ្រួសារដែលមានសក្តានុពល និងកំពុងផលិតជាប្រចាំមានចំនួន១៥គ្រួសារ ដែលក្នុងមួយគ្រួសារអាចផលិតបានពី៥០ចង្កាក់ ទៅ១០០ចង្កាក់ ក្នុងមួយថ្ងៃ (តាមមានត្រីតិច ឬច្រើន)។ សព្វថ្ងៃនេះនៅក្នុងសហគមន៍នារដូវនេះ ផលិតត្រីឆ្អើរ (ប្រភេទត្រីស្រកា) ដែលក្នុងមួយចង្កាត់តូចលក់តម្លៃ១,៨០០រៀល។ ចំពោះត្រីផ្សេង ទៀតមាន ត្រីឆ្អើរត្រីកំភ្លៀវតម្លៃ ២,០០០រៀលក្នុងមួយចង្កាក់, ត្រីឆ្អើរត្រីអណ្តែង មានតម្លៃចន្លោះពី ៣,៥០០រៀលដល់៨,០០០រៀល និងត្រីឆ្អើរត្រីកែស តម្លៃចន្លោះពី១៣០,០០០រៀលទៅដល់ ១៥០,០០០រៀល ក្នុងមួយចង្កាក់ផងដែរ។

លោកស្រីបន្ថែមថា នៅចន្លោះពីខែវិច្ឆិកា, ធ្នូ, មករា, កុម្ភះ និងមីនា ជាខែដែលសំបូរត្រី អាចផលិតបានក្នុងមួយគ្រួសារចន្លោះពី១៥០ចង្កាក់ ទៅ៣០០ចង្កាក់។ ហើយទីផ្សារក្នុងការលក់ដូរ គឺមានត្រឹមតែជាឈ្មួញម៉ូតូមកទិញយកទៅលក់ដូរកន្លែងផ្សេងៗ! មិនទាន់មានទីផ្សារមួយពិត ប្រាកដនៅឡើយ! ធ្វើឲ្យក្នុងរដូវផលិតបានច្រើនលក់មិនទាន់ និងស្តុបទុកជាច្រើពាន់ចង្កាក់។ លោកស្រីបញ្ជាក់ថា ការរក្សាទុកត្រីឆ្អើរ អាចទុកបានរយៈពេលពី៤ខែ ទៅ៥ខែ មិនខូចគុណ ភាពនោះទេ ហើយរស់ជាតិសាច់ត្រីនៅតែឆ្ងាញ់ដ៏ដែល។