ប្រជាពលរដ្ឋចំនួន៣គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយសង្រ្គោះបន្ទាន់ពីលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច

ខេត្តកំពត នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដោយឃើញនូវទុក្ខ លំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក អូន ខន អភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត រួមជាមួយនិងអាជ្ញាធរមូលដ្ឋានឃុំ ភូមិ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានអញ្ជើញចូលរួមសួរសុខបងប្អូនប្រជាពលរដ្ឋចំនួន០៣ គ្រួសារ ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ដែលកំពុងរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតនិងហើរដំបូលផ្ទះមួយចំនួនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ។

ក្នុងដំណើរសាកសួរសុខទុក្ខ លោកប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមខេត្តកំពត ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ ផ្តល់ក្តីសង្ឃឹម និងជួយដល់ប្រជាពលរដ្ឋរងទុក្ខលំបាកគ្រប់កាល:ទេស:ទាំងអស់។

ជាមួយគ្នានេះក្រុមការងារបាននាំយកនូវអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូនបងប្អូនដែលរងគ្រោះទាំង៣គ្រួសារ ដោយគ្រួសារដែលមានផលប៉ះពាល់ខូចខាតខ្លាំង ទទួលបានថវិកាម្នាក់ៗ១០០,០០០៛ និងគ្រួសាររងគ្រោះខូចខាតតិចតួចចំនួន២គ្រួសារ ទទួលថវិកាម្នាក់ៗ ៥០,០០០៛ រួមបន្ថែមជាមួយសម្ភារ:មួយចំនួនទៀតរួមមាន៖ អង្ករ២៥គីឡូ មីមួយកេះ ត្រីខ១យួរ ទឹកត្រី១យួរ និងឃីត ១ញ្ចប់ សម្រាប់ក្រុមគ្រួសារនីមួយៗទាំងនោះផងដែរ។