ស្នងការនគរបាលខេត្តតាកែវណែនាំដល់នគរបាលវរៈការពារព្រំដែនគោក៦០៣និងអធិការស្រុកចំនួន៤ដែលជាប់និងព្រំប្រទល់កម្ពុជាវៀតណាមត្រូវពង្រឹងការគ្រប់គ្រងនឹងត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមព្រំដែនអោយបានម៉ត់ចត់

0

តាកែវ៖ក្រោយរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃបានចេញនៅសេចក្តីណែនាំថ្មីលេខ ២២៤០ សជណ ស្តីពីការពង្រឹងការគ្រប់គ្រង និងត្រួត ពិនិត្យការចេញចូលឆ្លងកាត់តាមព្រំដែន ដើម្បីបង្ការទប់ ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះមកជួបសំណេះសំណាលជាមួយនិងមន្ត្រីនគរបាលវរៈការពារព្រំដែនគោកលេខ៦០៣និងអធិការស្រុកដែលជាប់ព្រំដែន ធ្វើការផ្សព្វផ្សាយបន្តដល់ការពង្រឹងលើការត្រួតពិនិត្យការចេញចូលឆ្លងដែនរបស់ប្រជាជនជាអ្នកប្រកបរបររកស៊ី ត្រូវធ្វើការត្រួតពិនិត្យសុខភាពអោយបានច្បាស់លាស់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយតឹងរឹងបំផុត ដើម្បីទុបស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ជាសហគមន៍ ព្រោះនៅក្នុងប្រទេសកម្ពុជារបស់យើងកំពុងមានការកើនឡើងនៃជម្ងឺកូវីដ១៩នេះ សឹងតែរាល់ថ្ងៃ តែជាអ្នកជម្ងឺមកពីបរទេស ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងពីមនុស្សទៅមនុស្សនេះបាន យើងទាំងអស់គ្នាត្រូវតែគោរពអោយបាននូវគោលការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើការពាក់ម៉ាស់ វាស់ស្តង់កម្តៅជាបឋម និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល មុននឹងប៉ះពាល់មាត់ឬច្រមុះរបស់ខ្លួន និងពិនិត្យអោយមែនទែនចំពោះប្រជាពលរដ្ឋឆ្លងកាត់តាមព្រំដែន ។
ឯកឧត្តមស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា នគរបាលវរៈការពារព្រំដែនត្រូវតែពិនិត្យមើលអោយមែនទែននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដនេះ ជាពិសេសគឺការបោះជម្រំចងតង់ ឬមានការលួចសាងសង់សំណង់រឹងផ្សេងៗនៅតាមបន្ទាត់ព្រំដែនរបស់ភាគីមិត្ត ត្រូវរាយការណ៍មកថ្នាក់លើជាបន្ទាន់ដើម្បីមានវិធានការទប់ស្កាត់អោយបានទាន់ពេលវេលា ជៀសវាងមានជនឆ្លៀតឱកាសដែលមានគោលបំណងមិនល្អ ដោយសារការពង្រឹងត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែននីមួយៗ ។ ចុងបញ្ចប់នៃការជួបសំណេះសំណាលណែនាំការងារជំនាញនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បាននាំយកអង្ករចំនួន ២តោន និងម៉ីចំនួន ១០០កេះ ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអង្ករ ២តោនជាអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្ត ផ្តល់ជូននគរបាលវរៈការពារព្រំដែនគោក៦០៣ ផងដែរ ។តាកែវ