អាជ្ញាធរខេត្តសៀមរាប នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ២៤៥គ្រួសារ មកពីឃុំទាំង៦ នៃស្រុកបន្ទាយស្រី

0

សៀមរាប៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកបន្ទាយស្រី បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ២៤៥គ្រួសារ នៅឃុំចំនួន០៦ ក្នុងស្រុកបន្ទាយស្រី តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ,មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ និងប៊ីចេង១កញ្ចប់ ដែលពិធីនេះរៀបចំឡើង នៅក្នុងបរិវេនវត្តសិលាចារ្យបន្ទាយស្រី ក្នុងឃុំខ្នារសណ្ដាយ ។

បើតាមលោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ថា វិស័យសុខុមាលភាពសង្គម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៨ របស់មន្ទីរអតីតយុទ្ធជននិងយុវនីតិសម្បទា ដែលត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ច យកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាជួបការលំបាករបស់បងប្អូន សំខាន់ជនរងគ្រោះ និង ជនងាយរងគ្រោះ ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងនោះរួមមាន គាំពារមនុស្សវ័យចំណាស់ និងគាំពារទៅលើសុខុមាលភាពស្ត្រី និងកុមារ ក្នុងនោះការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ សម្រាប់ការពិនិត្យផ្ទៃពោះ និងសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដោយអនុវត្តចាប់ពីដើម ឆ្នាំ២០១៩មកម្លេះ ខណៈឆមាសទី១ក្នុងឆ្នាំ២០២០នេះ បានផ្តល់អំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ ជូនមនុស្សចាស់ជរា ជនងាយរងគ្រោះ និងជនរងដោយគ្រោះធម្មជាតិ នៅតាមបណ្ដារស្រុកទូទាំងខេត្តសៀមរាប សរុបចំនួន ១៥៩១គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ង៉ាន ភិរុណ ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបប្រទះនូវភាពក្រីក្រ និង គ្រោះធម្មជាតិផ្សេងៗ ខណៈដែលសម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ថា មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររង គ្រោះ ដោយអត់អាហារនោះឡើយ ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបបគោលនយោបាយ ជូនដល់គ្រួសារក្រីក្រ និង បងប្អូនជាស្ត្រី និង កម្មការី ដោយទទួលបាននូវបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងទៅពិនិត្យ និង ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និង មណ្ឌលសុខភាព ដោយមិនគិតពីតម្លៃសេវា ដូច្នេះក្នុងឱកាសនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ ហើយប្រសិនបើមានជំងឺអ្វីកើតឡើង សូមទៅពិនិត្យ និង ព្យាបាលជំងឺនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត ឲ្យបានទាន់ពេលវេលា ចៀសវាងទុកយូរ បណ្ដាលឲ្យទៅជាជំងឺធ្ងន់ធ្ងរ ។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហានៃជំងឺកូវីត១៩ ដោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ផង ក្រុមគ្រួសារយើងផង និង សហគមន៍យើងផង ពីសេសត្រូវចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និង អនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងផងដែរអំពី បញ្ហាមួយប្រភេទតៀតដែលកំពុងកើតមាននៅក្នុងខេត្តសៀមរាប គឺជំងឺគ្រុនឈីកដោយសារតែបច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប ចាប់តាំងពីចុងខែកក្កដាមកទល់ពេលនេះ មានអ្នកឆ្លងជាង១០០០ករណីហើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្គាត់ ដោយលុបបំបាត់ប្រភពដង្កូវទឹក ប្រមូលរាល់វត្តុដក់ទឹក ទៅកម្ទេច ឬកប់ចោល កាប់ឆ្ការគម្ពោតព្រៃនៅជុំវិញផ្ទះ កុំគេងនៅទីងងឹតនៅពេលថ្ងៃ ត្រូវគេងក្នុងមុង កុមារ ឬមនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងៗ ការពារមូលខាំ បើកទ្វារ បង្អួចផ្ទះឱ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូស ៕