ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំឆមាស ប្រចាំខែ និងពិនិត្យលទ្ធផលការងារឆ្នាំ២០២០ ជម្រុញអោយមានប្រសិទ្ធភាពខ្ពស់

(រដ្ឋបាលខេត្កកំពង់ធំ): ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៥ រួមមាន៖

១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត

២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៤. ពិនិត្យ និងអនុម័ត គម្រោងចំណូលចំណាយ សម្រាប់ឆ្នាំ២០២១

៥. បញ្ហាផ្សេងៗ

របៀបវារៈទាំងបួនខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។

ជាមួយគ្នានោះដែរឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ចំពោះការតាក់តែងនូវឯកសារក្នុងកិច្ចប្រជុំ ជាពិសេសធ្វើឡើងសម្រាប់ស្វែងរកនូវចំនុចខ្វះខាតដោយ សមាជិកដែលចូលរួមទាំងអស់លើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលំអឱ្យកាន់តែល្អប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារ ពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។ 

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ជាពិសេសឯកឧត្តម លោកជំទាវក្នុងជួរសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញឲ្យការងាររដ្ឋបាលខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមលើសពីនេះឯកឧត្តម សុខ លូ  បានជំរុញដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បន្ទាប់ពីបានលើកឡើងអំពីបញ្ហាប្រឈម នៅក្នុងកិច្ចប្រជុំ ត្រូវចុះទៅដល់មូលដ្ឋាន ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្តាប់ឲ្យបានពីបញ្ហាលំបាកនិងសំណូមពររបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយនានា ក៏ដូចជាសម្រាប់ឆ្លើយតបនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ជាពិសេសខិតខំបន្តផ្សព្វផ្សាយវិធានការអោយបានម៉ឺងម៉ាត់ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានការឆ្លងរីករាលដាលដល់សហគមន៍នៅតាមមូលដ្ឋាន ការទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។