ឃាត់ខ្លួនមនុស្ស០២នាក់ក្រោយធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ នៅខេត្តតាកែវ

0

ខេត្តតាកែវ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានប៉ូលីសស្រុក បាទីឃាត់ខ្លួន ក្រោយពួកគេបានធ្វើសកម្មភាព យកដាវកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។

លោក ឆាយ កែវមុន្នី អធិការស្រុកបាទីបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៌ខ្មី សេរីឆ្នាំ២០០៨ ពាក់ផ្លាកលេខកំពង់ចាម 1A-4483 បានធ្វើសកម្មភាពប្រដាប់ដោយដាវកាប់ទៅលើជនរងគ្រោះឈ្មោះ គ្រី វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ពាក់ព័ន្ធចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទី១ឈ្មោះ វ៉ាង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ វ៉ាង ចន្ទ្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ព្រមទាំងដកហូតម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព និងដាវមួយដើម ។ ជនសង្ស័យទាំង០២នាកបានសារភាពថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើខាងលើដោយសារគំនុំចាស់ ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕