បើកម៉ូតូ រេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់ទាំងអ្នកបើក និងអ្នករួមដំណើរ

ព្រះវិហារ៖ នៅវេលាម៉ោង១នឹង៣០នាទីរសៀល នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបើកម៉ូតូបុកបង្គោលគីឡូម៉ែត្រលេខ៦២ បណ្តាលឱ្យស្លាប់ទាំង០២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅនឹងកន្លែងកើតបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយខ្លួនឯង ដោយម៉ូតូ០១គ្រឿង មានគ្នា០២នាក់ បើកបរពីជើងទៅត្បូង លុះដល់ចំនុចខាងលើ ក៏រេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រលេខ៦២ យ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់ទាំង០២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា ម៉ូតូ០១គ្រឿងខាងលើ ម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាមៈ 1D-0464 បើកបរដោយឈ្មោះ អៀម ដុះ ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ សុខ ស្រូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះទាំង០២ រស់នៅភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងម៉ូតូត្រូវបានប្រគល់ឱ្យគ្រួសារវិញ៕