ពលរដ្ឋជួបការលំបាកក្នុងកំឡុងពេលកូវីដ-១៩ ចំនួន១១គ្រួសារ ទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះ បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ពលរដ្ឋជួបការលំបាកក្នុងកំឡុងពេលកូវីដ-១៩ ចំនួន១១គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីទាំងអស់ ។

លោកប្រធានអនុសាខាក៏សូមអោយប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស សាប៊ូ៦កញ្ចប់ ជែលលាងដៃ២ដប និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕