ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​រួមគ្នាការពារផ្ទៃបឹងធម្មជាតិ

កំពង់ចាម​:​ ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម​ ​នាព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២០នេះ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បាន​ស្នេីដល់​មន្ត្រីពាក់ព័ន្ធ ឲ្យ​រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​លេីក​ឡើង​ដែរ​ថា​ ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់ផងដែរ។ ដូច្នេះ​មន្ត្រីជំនាញពាក់ព័ន្ធ​ ត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ ចៀសវាងមានអ្នកឆ្លៀតឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន។
ទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ៣៤គ្រួសារ នៅតំបន់ទំនប់តាសេក លោកអភិបាលខេត្ត ក៏បានចាត់តាំង​ឯកឧត្ដម​ កែវ នាឬទ្ធិ អភិបាល​រង​ខេត្ត​ ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះស្រាយលើបញ្ហានោះ នៅពេលក្រោយទៀត​ ៕