សម្តេចក្រឡាហោម៖ បញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ដែល​ត្រូវអនុវត្ត​ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ​:​ ក្នុង​ពិធី​សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​ទីតាំង​ និង​សមិទ្ធផល​នានា​នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​​ថា​ ត្រូវ​ឈរ​លេី​គោលការណ៍​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ភាព​យុត្តិធម៌​ ចំពោះ​បញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ដែលត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ។ ​

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេចមានប្រសាសន៍លើកឡើងថា បញ្ហាជំងឺកូវីត១៩ គឺជារឿងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ចាត់វិធានការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណារក្សាការពារ​ ការឆ្លងរីករាលដាលក្នុងសហគមន៍ ។ យើងមានសំណាងល្អដែលមកដល់ពេលនេះមិនទាន់មានអ្នកឆ្លងក្នុងសហគមន៍ ហើយមិន ទាន់មានអ្នកស្លាប់ដោយសារ ជំងឺកូវីត១៩ តែយើងអាចព្យាបាលអ្នកកើតជំងឺនេះបានជាសះស្បើយជាបន្តបន្ទាប់ តែទោះ​ជាយ៉ាងណាយើងត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានការរីករាលដាល​ ពិសេស ក្នុងសហគមន៍ ។ ក្នុងនោះសម្តេចក៏បានកោតសរសើរដល់ អាជ្ញាធរខេត្ត និងអ្នក ពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុក​ដាក់​ ក្នុង​ការ​ទប់ស្កាត់ ជំងឺកូវីត១៩ នាពេលកន្លងមក​ប្រកបដោយភាពជោគជ័យ ។
ជាមួយគ្នា​នោះ​ សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា បញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ហើយសំខាន់ជារៀងរហូត​ដែលត្រូវអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅតែជាកិច្ចការ យុទ្ធសាស្ត្រទូទាំងប្រទេស ព្រោះប្រទេសជាតិយើងមិនអាច កើតសង្គ្រាមស៊ីវិល ឬសង្គ្រាមឈ្លានពាននោះទេ ។ បញ្ហាសន្តិសុខ ពិសេសគ្រឿងញៀនគឺជារឿងដែលយើងទាំងអស់គ្នា មានការព្រួយបារម្មណ៍ ព្រោះវាបានបញ្ជ្រាបដល់ជនបទហើយ ដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់ដូចភ្លៀងរលឹម មិនមែន កើតឡើងហើយទើបមានវិធានការនោះទេ ។
បើតាមរបាយការរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំសាងសង់លើផ្ទៃដីជាង៦៥.០០៤​ ម៉ែត្រការ៉េ​​ ស្ថិតនៅឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ សមិទ្ធិផលដែលកើត ឡើង និងសម្ភោធឲ្យដំណើរការនាពេលនេះគឺចំណាយពេល អស់ប្រម៉ាណ១៤ខែ ក្រោមការគាំទ្រ និងលើកទឹកពីថ្នាក់ដឹកនាំទាំងស្មារតី និងថវិការ រួមទាំងការជួយពីសប្បុរសជននានា ។ សមិទ្ធិផលទាំងអស់នេះគឺ បានចំណាយថវិការអស់ជាង ១,៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះក៏ត្រូវការថវិការបន្ថែម ចំនួន ៥ម៉ឺន ដុល្លារបន្ថែមទៀត ដើម្បីបំពេញបន្ថែមក្នុងកិច្ចការ ងារកសាង សមិទ្ធិផលនានាដែលនៅសល់ ៕