សំណង់អគារដ៏ធំសម្បើមរបស់មន្ត្រីជាន់ខ្ពស់មួយកន្លែងត្រូវបានរុះរើចេញពីតំបន់ឧទ្យានអង្គរ

0

សៀមរាប៖ សំណង់ដ៏ធំមហិមាមួយកន្លែងដែលគេដឹងថា ជារបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានម្ចាស់សំណង់ធ្វើការរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា សំណង់មហិមានេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជា២លានដុល្លាអាមេរិក ជាកម្មសិទ្ធិរបស់អ្នកធំក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតក្នុងភូមិគោកដូង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
តាមប្រភពពីមន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមចមដែលនាំឲ្យមានសំណង់ធំមហិមានេះ គឺដំបូងឡើយគេបានយកឈ្មោះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារៈបម្រើការជួសជុលផ្លូវជាតិលេខ៦ ។ ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់សំណង់ដ៏ធំខុសពីការស្នើសុំ ហើយបានរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំសាងសង់តាមការអនុញ្ញាត។
ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើ សំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ៕