អាជ្ញាធរ​ខេត្តកំពង់ចាម​ ប្រកាស​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ បន្ទាប់​ពី​រកឃើញ​ខ្មោច​នាវា​ចម្បាំង​ដឹក​គ្រឿង​សព្វាវុធ​ នៅ​ក្រោម​បាត​ទន្លេ​ ក្នុង​ស្រុក​ស្រីសន្ធរ​

កំពង់ចាម​:​ រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសជូនដំណឹងជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមហ៊ុន​គ្លូប​ប៊លហ្គ្រីន​ ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណបូម ខ្សាច់នៅទន្លេ ភូមិសាស្រ្តស្រុកស្រីសន្ធរ បានបូមប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅក្នុងទន្លេ មេគង្គស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលខេត្ត បានចាត់វិធានការបន្ទាន់ដោយបានស្នើសុំឲ្យអ្នកបច្ចេកទេសនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC)ដើម្បីធ្វើការស្រាវជ្រាវ ។

តាមលទ្ធផលនៃការស្រាវជ្រាវបឋមរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានឲ្យដឹងថា៖ នៅទស្សវត្ស៧០ចន្លោះឆ្នាំ១៩៧៣-១៩៧៥ក្នុងសម័យសង្គ្រាមរបបសាធារណរដ្ឋខ្មែរ មាននាវាចម្បាំងដែលផ្ទុក នូវយុទ្ធភ័ណ្ឌ បានលិចក្នុងទន្លេមេគង្គក្នុងជម្រៅទឹកប្រមាណ១៩ម៉ែត្រ នៅចំណុចនិយាមការ (X=506883,Y= 1308896 ស្ថិតក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានចាត់តាំងកម្លាំង សមត្ថកិច្ចការពារ និងកំពុងបោះពោងសុវត្ថិភាព ដើម្បីកំណត់តំបន់គ្រោះថ្នាក់ខាងលើជូនបងប្អូនបានជ្រាប។ ដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយនានាដែលអាចនឹងកើតមានឡើងដល់ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត

សូមប្រកាសជូនដំណឹង ជូនដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរ ទទួលទានតាម ដងទន្លេ ឬធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ សូមផ្អាកសកម្មភាពជាបណ្តោះអាសន្ន រង់ចាំដល់ក្រុម បច្ចេកទេស ធ្វើការបោសសំអាត​គ្រឿង​យុទ្ធភ័ណរួច ទើបអនុញ្ញាតឲ្យប្រកបរបរទទួលទាន និងធ្វើដំណើរឆ្លងកាត់តំបន់នោះឡើងវិញ ៕