រយៈពេល៥ថ្ងៃក្នុងខេត្តមណ្ឌលគិរី ភ្ញៀវទេសចរណ៍បានមកលេងជាង៤ម៉ឺននាក់

ខេត្តមណ្ឌលគិរី៖ភ្ញៀវទេសចរណ៍យ៉ាងច្រើនបានសម្រុកមកកំសាន្តលេងនៅក្នុងខេត្តមណ្ឌលគិរី នៃការសងថ្ងៃសម្រាកចូលឆ្នាំ រយៈពេល ៥ថ្ងៃ ក្នុងខែសីហានេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកកំសាន្តចំនួនជាង៤ម៉ឺននាក់ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា:ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តនៅខេត្តមណ្ឌលគិរីក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំនេះ មានចំនួន៤៣.៧១៤នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិចំនួន ៤៣.៥១០នាក់ ភ្ញៀវបរទេសមានចំនួន ២០៤នាក់ នេះបើធៀបទៅនិងថ្ងៃចូលឆ្នាំ២០១៩កន្លងទៅ គឺមានការកើនឡើងចំនួន៦៨,៥៨% ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា:ក្នុងឱកាថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ នៅតាមបណ្តារមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកំសាន្តនានាក្នុងខេត្តមណ្ឌលគិរី ក៏បានរឹតបន្តឹងក្នុងការអនុវត្តវិធានការណ៍ បង្កាទប់ស្កាត់ នៃការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ៕