ភ្ញៀវ​ទេសចរណ៍​ជាង​៣ម៉ឺន​នាក់​ ​ដើរ​លេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា​ ទូទាំង​ខេត្ត​កំពង់ចាម​ ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​

កំពង់ចាម​:​ ​ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ចាប់​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០​នេះ​​ សម្រាប់​ខេត្ត​កំពង់ចាម​ គេ​សង្កេត​ឃើញ​ថា​មាន​ភ្ញៀវ​ទេសចរណ៍​​ជាតិ​ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ សរុប​ចំនួន​៣៥៤៣៦នាក់​ ក្នុង​នោះមាន​បរទេស​១៤៦នាក់​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​​អាជ្ញាធរ​ខេត្តកំពង់ចាម​ ក្នុង​ការ​អនុវត្ត​វិធានការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ផងដែរ​​ ។

លោក​ស៊ាន​ សុគុន្ធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុង​ឱកាស​ឈប់​សម្រាកសង​ថ្ងៃ​ចូលឆ្នាំខ្មែរ​ ដែល​មាន​រយៈពេល​៥ថ្ងៃ​នេះ គឺ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅ​ទូទាំង​ខេត្តកំពង់ចាម​ ​សរុប​ចំនួន​៣៥៤៣៦នាក់​ ក្នុង​នោះ​​នៅ​​ស្រុក​ព្រៃឈរ​ មានរមណីយដ្ឋាន​ ចំនួន​២កន្លែង​ ១-​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​ មាន​ភ្លៀង​ទេសចរណ៍​ ចំនួន​២៥៩៧៩នាក់​ ២-​កសិទេសចរណ៏ គាត ខេង ថ្មដាទឹកឆា​​៣២៧១នាក់​។ ដោឡែក​នៅ​ក្នុង​ស្រុក​កំពង់សៀម​ មាន​រមណីយដ្ឋាន​ចំនួន​៤កន្លែង​ ១-រមណីយដ្ឋាន​ភ្នំ​ប្រុស​ ភ្នំ​ស្រី​ ​មាន​ភ្ញៀវ​ទេសចរ​ ចំនួន​១៤៨៥​នាក់​ ២-រមណីយដ្ឋាន​ភ្នំ​ហាន់​ជ័យ​១៥១៣​នាក់​ ៣-រមណីយដ្ឋាន​ឬស្សី​៣៤១នាក់​​ និង​៤-រមណីយដ្ឋាន​នគរបាជ័យ​១១៤៩នាក់​ ។ ចំពោះ​​​​អាហារដ្ឋាន​ស្មៅ​ទន្លេ​ នៅក្រុង​កំពង់ចាម​ មាន​​១៦៩៨នាក់​ ពោល​គឺ​​ភ្ញៀវ​ទេសចរណ៍​​មក​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​​ មាន​ចំនួន​ច្រើន​ជាង​រមណីយដ្ឋាន​ដ៏ទៃ​ ។​ ដោយនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និង​មានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ទៀត​ផង​ ។ ​

គេ​សង្កេត​ឃើញ​ថា​ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អាជ្ញាធរ​នៅមូលដ្ឋាន​ស្រុក​ព្រៃឈរ​ បាន​រៀបចំ​កងកម្លាំងប្រដាប់អាវុធ កម្លាំង​ប្រជាការពារ​ និង​ក្រុមការងារ​អនុសាខា​ យុវជន​ស្ម័គ្រ​ចិត្ត​​កាកបាទក្រហម​ ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ព្រមទាំង​វាស់​ស្ទង់​កម្តៅ​ និង​បាញ់​ទឹក​អាកុល​លាងដៃ​ផងដែរ​ ៕​