ឧត្តមសេនីយ៍ទោសោម ស៊ុន បំពាក់​ឯកសណ្ឋានប្រជាការពារ២៤នាក់មកពី៤ភូមិក្នុងឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារនិងអាជ្ញាធរដែនដី បានអញ្ជើញបំពាក់ឯេកសណ្ឋានជូនប្រជាការពារចំនួន២៤នាក់ មកពី៤ភូមិ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅរសៀលថ្ងៃអាទិត្យទី២៣ខែសីហា ឆ្នាំ២០២០។

ប្រជាការពារទាំង២៤នាក់ មកពីភូមិស្លាករ៨នាក់ ភូមិគោកសណ្តែក៤នាក់ ភូមិឈើទាលចំនួន៧នាក់ និង ភូមិកុកគ្រួសចំនួន៥នាក់ ពិធីនេះបានធ្វើឡើង នៅក្នុងវត្តពោធីរោងនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានបញ្ជាក់ថា ប្រជាការពារនៅឃុំបន្ទាយស្ទោង ទាំង១៥ភូមិសរុបចំនួន១៤៥នាក់ ក្រោមការជួយជ្រោមជ្រែងនិងឧបត្ថម្ភ ពីសំណាក់ក្រុមការងារ ដែលដឹកនាំដោយឯកឧត្ដម សោម  ស៊ុន  ប្រធាន ក្រុម ការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ពេលនេះឃុំកំពុងតែមានការអភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាពក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់ ប្រជាការពារ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ច មិនត្រូវ ប្រើប្រាស់ ឯកសណ្ឋានរបស់កងកម្លាំងប្រដាប់អាវុធ ត្រូវខិតខំចូលរួមសហការជាមួយប៉ុស្តនគរបាល និង សមត្ថកិច្ចអាជ្ញាធរដែនដី ដើម្បីការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដាច់ខាត ការពារឲ្យបានសុខសុវត្ថិភាពភាព ចូលត្រូវរួមគ្នា ការពារសុខភាព ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល  ។

ឧត្តមសេនីយទោសោម ស៊ុន បានកោតសរសើរនិងលើកទឹកចិត្តបងប្អូនប្រជាការពារយើង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនទោះបីគ្មានប្រាក់បៀវត្សប្រចាំខែក៏ដោយ ក៏បងប្អូនយើងបម្រើប្រជាជនបានល្អ ការពារបាននូវសន្តិសុខ សុវត្ថិភាព ក្នុង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ចុងបញ្ចប់ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់អង្គពិធីទាំងមូល សូមអរគុណដល់សន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។ដោយ ប៊ុន រដ្ឋា