នាយឧត្តមសេនីយ៍ណឹម សុវត្តិអញ្ជើញចុះមកពិនិត្យ ការងារប្រវត្តិសាស្រ្តយោធានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្តិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចុះមកពិនិត្យ ការងារប្រវត្តិសាស្រ្តយោធានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីភារកិច្ច ក្នុងការរៀបចំការងារប្រវត្តិសាស្រ្តយោធា ឲ្យកាន់តែមានប្រសិទ្ឋិភាព និងជោគជ័យបន្ថែម នៅថ្ងៃអាទិត្យ ទី២៣ ខែ សីហា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបរទេសយោធា បានអញ្ជើញមកបំពេញភារកិច្ចនៅ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអញ្ជើញដុតធូប និងគោរពវិញ្ញាណក័្ខន្ធកម្មាភិបាល យុទ្ធជន យុវនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងប្រជាជនក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជានៅវិមានរំលឹកគុណយុទ្ធជនពលី រួមទាំងបានអញ្ជើញទស្សនាសារមន្ទីរយោធា ដែលជាបណ្ណាល័យសម្រាប់តំកល់ទុក្ខឯកសារ និងសម្ភារៈដែលជា​​​ប្រវត្តិសាស្រ្តយោធានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អំពីបញ្ហាមួយចំនួន ១/. ទីតាំងតំកល់ផ្នូរសពកម្មាភិបាលពលី បានកសាងឡើងនៅក្នុងឆ្នាំ១៩៨៨ ហើត្រូវកែលម្អរសោភ័ណភាព និងមានការរៀបចំផ្នូរសពឲ្យមានរបៀបរៀបរយនៅឆ្នាំ២០១៤ ដែលមានផ្នូរសពតំកល់ទុកចំនួន១២៨ផ្នូរ រីឯអដ្ឋិធាតុមួយចំនួនផ្សេងទៀត ត្រូវបានក្រុមគ្រួសារគាស់ លើកយកទៅថែរក្សាទុក្ខនៅតាមទីអារ៉ាម និងលំនៅដ្ឋាន ចំណែកការ កសាងសារមន្ទីរយោធា ជាបណ្ណាល័យសម្រាប់តំកល់ ទុកឯកសារនិងសម្ភារៈប្រវត្តិសាស្រ្តយោធា បានកសាងនៅឆ្នាំ២០១១ ក្រោមការចង្អុលណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បានការកោតសរសើរដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពិសេសឯកឧត្តម សោម ស៊ុន ដែល បានខិតខំយកចិត្តទុកដាក់លើការងារប្រវត្តិសាស្រ្តយោធា ជាក់ស្តែងបានខិតខំរក្សាវិមានរំលឹកគុណយុទ្ធជនពលី ជាទីតាំងគោរពដល់វិញ្ញាណក័្ខន្ធ បងប្អូនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ បណ្ណាល័យយោធាសម្រាប់ តំកល់ទុកឯកសារនិងសម្ភារៈជាតឹកតាងនៃប្រវត្តិការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ ក៏បានជម្រុញឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តខិតខំថែរក្សាតំបន់ប្រវត្តិសាស្រ្តយោធា និងធនធានមនុស្សដើម្បីជម្រុញ ឲ្យការងារប្រវត្តិសាស្រ្តយោធានេះកាន់តែរីកចម្រើន ។

ដោយ ប៊ុន រដ្ឋា