អភិបាលខេត្ត​កំពង់ចាម​ ស្នើ​​ឲ្យ​មាន​ការ​​ អង្កេត​ និង​ធ្វើ​ការ​កត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ នាសម័យបច្ចេកវិទ្យា

កំពង់ចាម​:​ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការបាត់បង់អាយុជីវិត។​ ដូច្នេះ​សូម​ឲ្យ​​កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក មេត្តាអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យា​ ដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដានពីក្រសែភ្នែករបស់​សមត្ថកិច្ច​។ នេះជា​ការ​ថ្លែង​របស់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ក្នុងឱកាសបើក​អង្គសិក្ខាសាលា ស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២២០​ នៅ​សណ្ឋាគារ​ភ្នំ​ប្រុស​ ​ក្រុងកំពង់ចាម​។

ស្ថិត​ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​​ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការបន្តរាតដ្បាតនៃជម្ងឺឆ្លងកូវីដ១៩ ជាសាកល គឺបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋរបស់យើង ហេីយ​បន្តរុញច្រាន​ឲ្យ​ប្រជាពលរដ្ឋយើងមួយចំនួន​ឲ្យ​ជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដូច្នេះ​សូមឲ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងត្រូវធ្វើការពិនិត្យពិច្ច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណីដែលមានការអូសទាញណាមួយនាំ​ឲ្យ​មានចំណាកស្រុកខុសច្បាប់ ឬនាំ​ឲ្យ​មានការបំលាស់ទីដែលមានគោលដៅ។

ជាមួយ​គ្នានោះ​ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ​បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនមែនជាបញ្ហាផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬស្ថាប័ន អនុវត្តច្បាប់ (ស្នងការដ្ឋាន បញ្ជាការដ្ឋាន គណៈកម្មធិការ ឬរដ្ឋបាលខេត្ត)​តែឯងនោះទេ ប៉ុន្តែ វាជាបញ្ហារួមរបស់​យើង​ទាំង​អស់​គ្នា​ ហើយ​វាទាមទារការចូលរួម​ឲ្យ​កាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅ ការពារប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើង ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារ ដែលពួកគេជាជនងាយរងគ្រោះ និងងាយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ​ ៕