អភិបាលខេត្តកំពង់ចាមឧបត្ថម្ភថវិកាដល់កម្លាំងសមត្ថកិច្ចចម្រុះបន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវប្រកប ដោយ ភាព ជោគជ័យ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អញ្ជើញ ជួប សំណេះសំណាល និង ឧបត្ថម្ភជា ថវិកា មួយ ចំនួន ដល់ កងកម្លាំង សមត្ថកិច្ច ចម្រុះ បន្ទាប់ ពី រៀបចំសណ្ដាប់ធ្នាប់ នៅ តំបន់ ទីប្រជុំជនផ្សារផ្អាវ ប្រកប ដោយ ភាព ជោគជ័យ ក្រោយពេល ដែល គណៈកម្មការ ដឹកនាំដោយ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុក ចុះធ្វើកិច្ចការនេះអស់រយៈពេលជាង១ខែ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ប្រសិនបើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្ករឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ មិន ខាន តែទោះជា យ៉ាងណា ពេល នេះ យេីង បាន ធ្វេី ការ ងារ នេះ បាន ជោគជ័យ ហើយ ។
បើតាម លោផេន សុផល អភិបាល ស្រុក បាធាយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បានប្រគល់កិច្ចការថែរក្សាសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ មកឲ្យអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើកិច្ចការនេះបន្ត ។
លោក ផេន សុផល បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការនោះ ប្រជាពលរដ្ឋនៅតាមអមសង្ខាងផ្លូវ នៃទីប្រជុំជនផ្សារមានការសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណីផ្លូវទាំងសងខាងផ្លវនោះ ។

លោកអភិបាលស្រុកបាធាយបានបន្តថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់ ទីប្រជុំជនផ្សារផ្អាវបន្ត លោកនឹងរៀបចំ បង្កើតគណៈកម្មការ ដើម្បី ធ្វើការចំបន្តដូចជា ការថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមិនអនុញ្ញាត ឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស ដែលអាជ្ញាធរបានកំណត់។
ដោយឡែក ប្រសិនបើប្រជាពលរដ្ឋ ដែលចង់សាងសង់ ចាក់សាបឬកែសោភ័ណ ភាព មុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈ កម្មការបច្ចេកទេសមកត្រួតពិនិត្យសិន ទើបអនុញ្ញាតឲ្យពួកគាត់អនុវត្តការសាង សង់ដោយស្ម័គ្រចិត្ត ដោយមិនអនុញ្ញាត អោយសាងសង់ខ្ពស់ ទាបជាងគ្នា ឬការ សាងសង់ខុសបទដ្ឋានបច្ចេកទេសនោះ ឡេីយ ៕