ជនសង្ស័យស្រីប្រុសចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកជាំក្សាន្ត ចុះធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេលពីរថ្ងៃ

0

ព្រះវិហារ៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកជាំក្សាន្ត ចុះប្រតិបត្តិការស្រាវជ្រាវបង្រ្កាប់ ករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន០៥នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន ០៦កញ្ចប់តូច ។

ប្រតិបត្តិការនេះបានធ្វើឡើង នៅក្នុងរយៈពេលពីរថ្ងៃ ដោយមានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្សាន្ដ ស្ថិតនៅត្រង់ចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្សាន្ដ បានធ្វើការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់៖ ១/ឈ្មោះ ជៀស ស្យាធាន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ ស្រីខារាអូខេ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ២/ឈ្មោះ ថា វិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ៣/ឈ្មោះ ហាយ ធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់យកវត្ថុតាងនិងសម្ភារ:មួយចំនួនរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច, ទូរសព្ទដៃចំនួន ០១ គ្រឿង ។

លោកវរសេនីយ៍ទោ ឱ សេង បញ្ជាក់បន្តថា ដោយយោងតាមចម្លើយសារភាពរបស់ឈ្មោះ ជៀស ស្យាធាន ភេទស្រី អាយុ២៦ឆ្នាំ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកជាំក្សាន្ត បានបន្តចុះឆែកឆេរផ្ទះឈ្មោះ អាត ចាន់ធី នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ត បានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ក្រាមពណ៌សថ្លាសង្យ័យជាសារធាតុញៀនចំនួន០៥ កញ្ចប់តូច, កាំភ្លើងកែច្នៃ (ប្រើខ្យល់) ចំនួន០១ ដើម, ដាវសាំមូរ៉ៃចំនួន០១ ដើម, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ១/ឈ្មោះ អាត ចាន់ធី ភេទស្រី អាយុ៤២ ឆ្នាំ, ២/ឈ្មោះ កែវ ប៊ុនឆ័ត្រ ភេទប្រុស អាយុ១៩ ឆ្នាំ ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្តបានបន្ថែមថា ក្រោយពេលនាំខ្លួនជនសង្ស័យប្រុស.ស្រីទាំង០៥នាក់ មកសាកសួរចប់ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកជាំក្សាន្ត បានរៀបចំកសាងសំណុំរឿង ដើម្បីធ្វើការបញ្ជូនខ្លួនជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាងល្មើស ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ សួនលីណាកែ