រថយន្តដឹកអេតចាយឆ្លងចរន្តអាគុយ ឆេះយ៉ាងសន្ធោសន្ធៅនៅស្រុកស្វាយអន្ទរ

0

ខេត្ដព្រៃវែង៖ រថយន្តដឹកដែកឪអេតចាយចំណុះ២៥តោន១គ្រឿង បានឆ្លងចរន្តអាគុយចេញជាអណ្ដាតភ្លើងឆេះរថយន្តយ៉ាងសន្ធោសន្ធៅ នៅលើដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនឹងសមត្ថកិច្ច ចុះជួយបាញ់ទឹកពន្លត់។ហេតុការណ៍នេះបានកើតឡើងកាលព្រលប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៨ ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានប្រាប់ឲ្យថា៖ រថយន្តដឹកអេតចាយខាងលើនេះ ម៉ាកហ៉ីយ៉ុនដាយចំណុះ២៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ដោយក្នុងទិសដៅពី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្លងកាត់ ឃុំព្រៃព្នៅ ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

លុះមកដល់កន្លែងកើតហេតុ បានឆ្លងចរន្តអាគុយ អេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត បណ្ដាលឱ្យមានអណ្ដាតភ្លើង ឆាបឆេះរថយន្តតែម្ដង។ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចលោកបានចុះអន្តរាគមបាញ់ទឹកពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន០៣ឡានផងដែរ ទើបគ្រប់គ្រងស្ថានភាពបានវិញ។

ករណីនេះបណ្ដាលឱ្យខូចខាត សម្ភារ៖ រថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។ សរុបការខូចខាតសម្ភារៈ អេតចាយមួយចំនួន ប្រហែល៣០%។ម្ចាស់រថយន្តបានលើកឡើងថា៖ បើកុំតែបានសមត្ថកិច្ចមកជួយទាន់ពេលវេលាម្ល៉េះ រថយន្តរបស់គាត់ត្រូវអស់ទាំងស្រុងហើយ៕