អាជ្ញាធរខេត្តព្រះសីហនុ ប្រជុំពិភាក្សាអំពី ការតបណ្តាញលូ និងការកែសម្រួលចំណុចស្ទះផ្លូវទឹកនេះអូរប្រឡាយក្នុងក្រុង ដើម្បីបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀង

0

ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សាលើ ផែនការតបណ្តាញលូ និងការធ្វើកែសម្រួលអូរអេម៉ារីយូ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុន អេម៉ារីយូផងដែរ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលខេត្តសហការជាមួយគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអនុញ្ញាតអោយប្រជាជនរស់នៅតាមផ្លូវទាំង៣៤ខ្សែដាក់ពាក្យភ្ជាប់បណ្តាញទឹកកខ្វក់ចូលទៅលូរណបនៅប្របនឹងបណ្តាញលូមេនៅសង្ខាងផ្លូវ។បន្ទាប់មកនឹងអោយភ្ជាប់បន្តចូលទៅលូមេរបស់សាធារណការនិងដឹកជញ្ជូន។
ដោយឡែកទាក់ទងនឹងការស្តារអូរប្រឡាយក្នុងក្រុង អាជ្ញាធរខេត្តក៏បានពិភាក្សាកែសម្រួលឡើងវិញនៅតាមទីតាំងដែលស្ទះចរន្តទឹកហូរមួយចំនួនផងដែរដើម្បីសម្រួលផ្លូវទឹកហូរ ដោះស្រាយការជន់លិចនៅពេលមានភ្លៀងធំ។
ក្នុងនោះអូរអេម៉ារីយ៉ូចំណុចផ្លូវទឹកហូរទៅសមុទ្រនៅផ្នែកខាងលើនៃឆ្នេរហាវ៉ៃ សង្កាត់៣ ក្រុងព្រះសីហនុ នឹងពង្រីកអោយធំជាងមុនកុំអោយស្ទះទឹក។ចំពោះអូរមេផ្សេងៗទៀត កន្លែងណាដែលស្ទះទឹកហូរដូចជាស្ពានជាដើមនឹងត្រូវកែសម្រួលឡើងវិញដូចគ្នាដែរ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាបញ្ហាជំនន់ទឹកភ្លៀងជាចំណុចសំខាន់មួយដែលត្រូវពិនិត្យពិភាក្សាដោះស្រាយអោយបានកុំអោយកើតមានដដែលៗនៅពេលមានភ្លៀងធំម្តងៗនាំអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិប្រជាជន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អោយដឹងថា បញ្ហាជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុ យើងមិនធានាថាស្តារអូរហើយទឹកលែងលិចនោះទេ ប៉ុន្តែយើងប្រឹងប្រែងអោយអស់ពីលទ្ធភាពដើម្បីដោះស្រាយអោយបានជាអតិបរមា។

ទាក់ទងនឹង ការកែសម្រួល អូរអេម៉ារីយ៉ូឯកឧត្តម អភិបាលខេត្តបានស្នើក្រុមហ៊ុន អេម៉ារីយូ ចូលរួមសហការដើម្បីឱ្យមន្ត្រីបច្ចេកទេសចុះសិក្សាព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនផ្តល់អ្នកបច្ចេកទេសចុះសិក្សាប្រព័ន្ធលូ រួមគ្នាជម្រុញឱ្យមន្ត្រីជំនាញចុះសិក្សាឱ្យបានលឿន ដើម្បីរៀបចំប្លង់មេឈានទៅការស្ថាបនាកាន់តែលឿន និងការរៀបចំលូកាត់ផ្លូវឱ្យបានមុនការចាប់ផ្តើមអ៊ុតកៅស៊ូ នៅពេលខាងមុខ។

តំណាងក្រុមហ៊ុន អេម៉ារីយូ បានស្វាគមន៍នៃការចូលរួមជាមួយអាជ្ញាធរខេត្ត និងយកគម្រោងនេះទៅសិក្សា ដើម្បីរៀបចំមន្ត្រីបច្ចេកទេសចូលរួមសិក្សាជាមួយមន្ត្រីជំនាញខេត្ត រៀបចំប្រពន្ធលូឱ្យបានធំទូលាយ បញ្ចៀសជំនន់ទឹកភ្លៀងរដូវវស្សាក្នុងក្រុងព្រះសីហនុ៕(សាវ៉ុន)