(ពោធិ៍សាត់)៖ ក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដោយមាននាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង សហការជាមួយយោធាខេត្ត បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលក្នុងស្រុកក្រគរ ដកហូត និងដុតបំផ្លាញចោលឧបករនេសាទយ៉ាងច្រើន។
ប្រតិបត្តិការនេះ ធ្វើឡើងនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ចាប់ពីចំណុចឃ៉ំស្នាអន្សា រហូតដល់ចំណុចអន្លង់រាំង ស្ថិតក្នុងភូមិកំពង់ឡ ឃ៉ំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក ភុន សុវណ្ណ នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងយោធាខេត្ត នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២គោលដៅផ្សេងគ្នា នៅក្នុងរដូវបិទនេសាទ នារដូវត្រីកំពុងតែពងកូន។
សេចក្តីរាយការណ៍ពីភ្នាក់ងារTV9 ប្រចាំខេត្តពោធិ៍សាត់បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចបានបំផ្លាញចោលរបាំងសាច់អួន០៣ខ្សែ ប្រវែង៩០០ម៉ែត្រ, ក្បាលបរចំនួន០៣គ្រឿង, របាំងស្បៃមុង០៧ខ្សែ ប្រវែង៧០០ម៉ែត្រ, លូកងស្បៃមុង១៤មាត់, បង្គោលចំនួន៦៥០ដើម និងចាក់លែងត្រីចម្រុះ៧៥គីឡូក្រាម ចូលក្នុងបឹងទន្លេសាបវិញ។
បើតាមក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ បានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទ ត្រូវបានខណ្ឌរដ្ឋបាលជលផល ផ្នែកសង្កាត់ សហការជាមួយយោធាខេត្ត បន្តចុះធ្វើការបង្ក្រាបជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណា កាត់បន្ថយបទល្មើសនេសាទឱ្យនៅសល់តិចបំផុត។ ប្រភពក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជានេសាទ សូមកុំធ្វើការនេសាទ នៅក្នុងរដូវត្រីពងកូន និងកុំកាប់បំផ្លាញព្រៃលិចទឹក ជាជម្រករបស់សត្វគ្រប់ប្រភេទ ដែលអាចធ្វើឱ្យមានទោសទណ្ឌលើខ្លួនផងដែរ៕