អតីតយុទ្ធជននិងប្រជាពលរដ្ឋ១០គ្រួសារដែលមានជីវភាពខ្វះខាត ស្រុកបារាយណ៍បានទទួលជំនួយឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ាណែត

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំសហការី នាំយកអំណោយចែកជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន៥គ្រួសារ និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៥គ្រួសារ ដែលកំពុងតែរស់នៅ ក្នុងភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែកញ្ញាឆ្នាំ ២០២០ ។

ឧត្តមសេនីយ៍ទោ សោមស៊ុន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជន ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានផ្តល់នូវស្បៀងអាហារ និងថវិកា ទាំងនេះ សម្រាប់ឲ្យថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។

ជាក់ស្តែងក្នុងពេលនេះ បាននាំយកអំណោយ ឧបត្ថម្ភក្នុង០១គ្រួសារទទួលបានអង្ករ២៥គីឡូ មីចំនួន ០១កេស ទឹកត្រីទឹកស៉ីអីុវចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ តាមរយះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលា បឋមសិក្សាភូមិបឹងខាងជើង មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋផងដែរ។

ឧត្តមសេនីយ៍ទោ សោមស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋ ប្រកបមុខមុខរបររកទទួលទានប្រកបដោយសុច្ចរិតទៀងត្រង់ កុំធ្វើអ្វីដែលខុសច្បាប់ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះអំណោយទាំងនេះបានជួយដោះស្រាយការលំបាករបស់បងប្អូន តែក្នុងមួយពេលប៉ុណ្ណោះ និងសូមឲ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសុខភាព ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ បានសំណូមពរដល់មាតាបិតាសិស្ស ដែលមានកូនបានចូលរៀនឡើងវិញ ត្រូវអប់រំណែនាំកូនចៅឲ្យចេះការពារខ្លួន ទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ   ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋនិងបងប្អូនគ្រួសារអតីតយុទ្ធជន គោរពជូនពរចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានផ្តល់ស្បៀងអាហារ និងថវិកាចំពេលដែលគាត់កំពុងមានការខ្វះខាត និងសូមគោរពជូនពរ ឯកឧត្តមនិងក្រុមគ្រួសារ សូមបានជួបប្រទះតែនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា