គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ សៀមរាប

0

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងសេចក្តីរាយការណ៍ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប បានបញ្ជាក់ពីលទ្ធផលការងាររបស់យោធិនពិការ នៅក្នុងមណ្ឌល និង កង្វះខាតមួយចំនួនរួចមក មានប្រសាសន៍សំណេះសំណាលនាឪកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ រួមទាំងបងប្អូនយោធិនក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ ។
គណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាម បណ្តាកងពល និង អង្គភាពផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និង រកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ ។ ដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជា ទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និង ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះបងប្អូនជាគ្រួសារជនពិការ ដែលបានលះបង់ប្តីសី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាព ដ៏អង់អាចក្លាហាន របស់បងប្អូនយោធិនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះហើយ សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការ អោយកាន់តែល្អប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនយោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និង សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី និង គ្រុនឈីក សូមឲ្យបងប្អូនចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ អាល់កុលឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង អង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និង វិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ ។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកា ចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និង គ្រួសារ យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង ថវិកា៣ម៉ីនរៀល ៕