នាយឧត្តមសេនីយ៍ គីម ប៊ុនថា៖ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ធមេត្រីភាព ឈរជើងជួរមុខទិសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

0

!ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាង ទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក កងទ័ពអង្គភាពសម្ព័ន្ធមេត្រីភាព ដែលកំពុងបំពេញភារកិច្ចឈរជើងការពារទឹកដីជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ នាឱកាសបុណ្យភ្ជុំបិណ្ឌ ។

ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមជាមួយនាយ និងពលទាហាន នៃអង្គភាពសម្ព័ន្ធមេត្រីភាពវរសេនាតូច៣៨៥ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងថា ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ពិសេសត្រូវយល់ឱ្យបានច្បាស់ចំពោះតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ហើយត្រូវប្រគល់ និងបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។ ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើងឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំង ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ នៅក្នុងទិសទី១ ប្រាសាទព្រះវិហារ។ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ របស់ខ្លួន ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោឧបត្ថម្ភ ដល់អង្គភាពសម្ព័ន្ធមេត្រីភាពវរសេនាតូច៣៨៥ ថវិកាចំនួន ៥០០០ដុល្លា និងថ្នាំងពេទ្យមួយចំនួនធំរួមមាន៖ សេរ៉ូមចំនួន២០កេស, ថ្នាំផ្សេងៗចំនួន ៤កេស និងឧបត្ថម្ភដល់នាយ នាយរង និងពលទាហាន ក្នុងម្នាក់ទទួលបានថវិកាចំនួន ១៦ម៉ឺនរៀលផងដែរ៕ សួនលីណា