ព្រះគ្រូចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម ទទួលបានបច្ច័យជាងមួយពាន់ដុល្លារសម្រាប់តំកល់ទុកកសាងវត្តពីឯកឧត្តម លី ស៊ុន និងលោកជំទាវ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១៤!

0

ព្រះវិហារ៖ ព្រះគ្រូចៅអធិការវត្ត ព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម ព្រះនាម រស់ សុខរាជ្រ បានទទួលបច្ច័យជាងមួយពាន់ដុល្លារសម្រាប់តំកល់ទុកកសាងវត្ត ពីឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកជំទាវ នៅក្នុងឱកាសដែលឯកឧត្តមនិងលោកជំទាវ ព្រមជាមួយសហការីបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម(ហៅវត្តអង្គការអេដស៍) កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសអញ្ជើញទៅកាន់បិណ្ឌនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ក៏បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ និងចូលរួមសូត្រមន្តបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ របស់បុព្វការីជន ដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លានៅការធ្វើបុណ្យនេះ នឹកដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីខ្មែរ ដែលបានពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងគ្រាប្រទេសជាតិមានសង្គ្រាម ឱ្យបានទៅកាន់សុគតិភពផងដែរ។

ឯកឧត្តម លី ស៊ុន មានប្រសាសន៍ថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ ក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនាមហាយាន មានតែខ្មែរប៉ុណ្ណោះមានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ព្រោះប្រជាពលរដ្ឋខ្មែរ ជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា បានចាត់ទុកការធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃក្នុងរដូវភ្លៀងធ្លាក់ និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាផងដែរ។

សូមជម្រាបថា៖ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យដាក់បិណ្ឌវេនទី១៤នេះ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយក នូវទេយ្យទាន រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនវេប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករ ចំនួន៦B, ទឹកក្រូច ចំនួន១០កេះ, ទឹកសុទ្ធ ចំនួន២៥យូ, ទឹកវីតាល់ ចំនួន១កេះ, ទឹកខារ៉ាបាវ ចំនួន១កេះ, ស្លាដក់ ចំនួន១៧, និងបច្ច័យសម្រាប់ទុកកសាង ចំនួន ៤១៣៧០០០៛(បួនលាន.មួយសែន.បីម៉ឺន.ប្រាំពិលពាន់រៀល) និងចែកជូនលោកយាយ,លោកតា ចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ថវិកា១ម៉ឺនរៀល៕សួនលីណា