អគារឃ្លាំងស្តុកសម្ភារៈ(ក្រណាត់)របស់រោងចក្រមួយនៅក្រុងព្រះសីហនុ ត្រូវភ្លើងឆេះទាំងស្រុងតែមិនបណ្តាលអោយឆេះរាលដល់អគារផ្សេងទៀតឡើយ។

រសៀលថ្ងៃទី១៩ កញ្ញា២០២០ អគ្គិភ័យបានឆេះឃ្លាំងដាក់សម្ភារៈ (ក្រណាត់) រោងចក្រជ្រលក់ពណ៌ ឈ្មោះ លីនថិចថាយមានទីតាំងនៅភូមិ៣ទំនប់រលកសង្កាត់លេខ១ក្រុងព្រះសីហនុតាមប្រភពថាអគ្គីភ័យនេះបានកើតឡើងនៅកំឡុងម៉ោង១រសៀលអគារដែលត្រូវភ្លើងឆេះនេះជាឃ្លាំងទុកក្រណាត់និងសម្ភារៈផ្សេងទៀតដែលគេចាក់សោទុកគ្មានមនុស្សនៅទេព្រោះរោងចក្រត្រូវសំរាកបុណ្យភ្ជុំបិណ្ឌ។

សមត្ថកិច្ចបានព្យាយាមអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរហូតម៉ោង៤,៣០ល្ងាចភ្លើងបានរលត់ប៉ុន្តែអគារនិងក្រណាត់ក្នុងឃ្លាំងនេះត្រូវឆេះខូចខាតទាំងស្រុងនិងមិនបង្ករាលឆេះដល់អគារផ្សេងៗទៀតរបស់រោងចក្រឡើយមូលហេតុដែលបង្កអោយមានអគ្គីភ័យនេះសមត្ថកិច្ចមិនទាន់បញ្ជាក់អោយដឹងនៅឡើយ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះឃើញមានវត្តមានឯកឧត្តមអភិបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ស្នងការនគរបាលលោកអភិបាលក្រុងព្រះសីហនុនិងមន្ត្រីហែហមអមដំណើរមួយចំនួនទៀតនៅកន្លែងកើតហេតុរហូតដល់ស្ថានភាពត្រូវគ្រប់គ្រងបានទើបត្រលប់ទៅវិញ។