អាជ្ញាធរខេត្តជម្រុញឲ្យអាជ្ញាធរស្រុករុក្ខគីរីត្រូវបង្កើនការប្រុងប្រយ័ត្ននិងត្រៀមរកទីទួលសុវត្ថិភាពដើម្បីជន្លៀសពលរដ្ឋពីតំបន់ប្រឈមខណះទំនប់អាងបាសាក់ទឹកបានហក់ឡើងយ៉ាងឆាប់រហ័ស

0

ខេត្តបាត់ដំបង÷ការជម្រុញដល់អាជ្ញាធរស្រុករុក្ខគីរីអោយត្រៀមទីទួលសុវត្ថិភាពសម្រាប់ជន្លៀសប្រជាពលរដ្ឋពីអាជ្ញាធរខេត្តនាពេលនេះខណះប៉ុន្មានថ្ងៃជាប់ៗគ្នានេះខេត្តបាត់ដំបងបានទទួលរងនូវសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរគ្រប់កន្លែងក្នុងខេត្តបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង។ក្នុងនោះមានស្រុករុក្ខគីរីដោយនៅទីនោះស្ថានភាពជំនន់ទឹកភ្លៀងបានធ្វើឲ្យទំនប់អាងបាសាក់ដែលស្ថិតក្នុងឃុំបាសាក់បានហក់ឡើងនូវកម្រិតខ្ពស់។ដោយកម្ពស់ទឹកប្រមាណជិត៦ម៉ែត្រកាលពីថ្ងៃទី១៩ខែកញ្ញាបានបង្កឲ្យទ្វារទឹកចំនួន៣បានគ្រលាស់(បើកដោយខ្លួនឯង)ហូរទឹកទម្លាក់ចុះមកស្ទឹងមោងឫស្សី។នឹងនៅផ្នែកខ្លះក្នុងតំបន់ទំនាបមុខទឹកហូរឆ្លងកាត់មានការលិចលង់ភូមិដ្ឋានផ្ទះសម្បែងនឹងហូរកាត់ផ្លូវក្នុងភូមិបណ្តាលអោយលិចដីចម្ការដំណាំប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិឈូកក្នុងឃុំបាសាក់និងនៅភូមិបឹងអំពិលក្នុងឃុំព្រែកជីកជាបន្តបន្ទាប់ផងដែរ។
លោកផេង.ផលអភិបាលរងស្រុករុក្ខគិរីនិងទទួលបន្ទុកគ្រោះមហន្តរាយបានឲ្យដឹងថា៖ទឹកជំនន់នេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ដោយគិតចាប់តាំងពីថ្ងៃទី១៧រហូតមក។លោកអោយដឹងបន្តថា÷ដោយសារតែទំនប់អាងបាសាក់ជាប្រភពទឹកផ្នែកខាងលើក្បាលស្ទឹងមោងបានបង្កឲ្យជន់ឡើងរហូតដល់ជិត៦ម៉ែត្រហើយភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យទ្វារទឹកអាងបានគ្រលាស់(បើកចំហរខ្លួនឯង)ចំនួន៣ទ្វារក្នុងចំណោម៧ទ្វារនិងបង្កឲ្យមានទឹកហូរធ្លាក់តាមទំនប់ក្បាលហុងព្រែកជីកនិងបន្តធ្លាក់ចែកចាយទៅកាន់ស្ទឹងមោងនិងផ្នែកខ្លះរបស់ស្រុកមោងឫស្សីនិងបណ្តាស្រុកជិតខាងមួយចំនួនទៀតផងដែរ។លោកអ៊ុយ.សុធាវីអភិបាលរងខេត្តបានអោយដឹងដែរថា÷បើតាមការចុះពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធកាលពីថ្ងៃទី២០ខែកញ្ញាម្សិលមិញទឹកជំនន់នៅទំនប់អាងបាសាក់គិតត្រឹមថ្ងៃទី២០ខែកញ្ញាម្សិលមិញនេះបានថយចុះនៅត្រឹម៥ម៉ែត្រប៉ុណ្ណោះ។លោកបន្តថាបើសិនជានៅថ្ងៃទី២១ខែកញ្ញានេះភ្លៀងនៅបន្តធ្លាក់ទៀតទំនប់អាងបាក់សាក់នឹងហក់ឡើងបន្ថែមទៀតនឹងឈានដល់ប្រកាសអាសន្នផងដែរ។
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងនេះដែរមន្ទីរទេសចរណ៍ខេត្តបានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់រមនីយដ្ឋានកាលពីថ្ងៃទី២០កញ្ញាដែលមានខ្លឹមសារថា÷សូមលោក.លោកស្រីម្ចាស់រមណីយដ្ឋានដែលមានទីតាំងស្ថិតនៅតាមជ្រោះជ្រលងភ្នំដងស្ទឹងបឹងបួរទាំងអស់អោយផ្អាកដំណើរការបណ្តោះអាសន្នជាបន្ទាន់ចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មីដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ប្រភពដដែលបន្តថា÷សង្ឃឹមថាទទួលបានសេចក្តីជូនដំណឹងរបស់មន្ទីរហើយលោកលោកស្រីជាម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំដងស្ទឹងបឹងបួរត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។បើលោកលោកស្រីម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំដងស្ទឹងបឹងបួរណាដែលមិនអនុត្តតាមសេចក្តីជូនដំណឹងនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕សៅ សារិទ្ធ