អភិបាលខេត្តកំពង់ចាម​ ​ប្រាប់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ត្រួត​ពិនិត្យ​កន្លែង​ទទួល​បញ្ចាំ​ បេី​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ គឺ​ត្រូវ​បិទ​អាជីវកម្មនោះ​​ចោល​

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​​ ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លែង​ទទួល​បញ្ចាំ​នានា​ បេី​សិនជា​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ គឺ​ត្រូវ​បិទ​អាជីវកម្ម​នោះ​ចោល​តែ​ម្ដង​ ដើម្បីរួមគ្នាទប់ស្កាត់​ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ​ ការ​ថ្លែងយ៉ាងដូច្នេះក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយរបាយការណ៍ ស្តីពី​លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាស​ទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម​ បាន​សម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់កម្លាំង​សមត្ថកិច្ចយើង​ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន​ ទៅលើការប្រើប្រាស់នូវវិធានការ​ និងមធ្យោបាយសរុប​ ដើម្បីរួមគ្នាទប់ស្កាត់​ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នោះគឺការជួញដូរ​ និងការប្រើប្រាស់គ្រឿងញៀន​ពីសំណាក់ក្រុមឧក្រិដ្ឋជន។ ដោយ​មាន​ការ​ពុះពារជំនះនូវគ្រប់ឧបសគ្គ​របស់​កម្លាំងសមត្ថកិច្ច​យើង​ បាន​បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន​ទាំង​នោះ ហើយបានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីវិនិច្ឆ័យទោសជាបន្តបន្ទាប់​ ធ្វើឲ្យស្ថានភាពនៃបទល្មើសជួញដូរគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម​ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៩។
ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ ផ្តេីម​ចេញ​ពី​​គ្រឿងញៀន​នេះ​ដែរ​ បទល្មើស​ផ្សេងៗ​ រួម​ទាំង​បទល្មើស​ព្រហ្មទណ្ឌ​ ក៏​កេីក​មាន​ឡើង​ផង​ដែរ​ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ជាពិសេស​ត្រូវ​ពិនិត្យ​កន្លែង​ទទួល​បញ្ចាំនានា​ បេី​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ គឺត្រូវ​បិទ​អាជីវកម្ម​នោះ​ចោល​តែ​ម្ដង​។ ក្រៅ​ពី​ការងារ​នៅ​ខាង​ក្រៅ​ផ្ទះ​ សូម​កុំ​ភ្លេច​ពិនិត្យ​មើល​ក្នុង​ក្រុម​គ្រួសារយេីងផង​ បេី​មាន​ជាប់​ពាក់ព័ន្ធ​​សារធាតុ​ញៀន​ សូមកុំ​ឲ្យ​មាន​ការ​ខ្មាសអៀនអី​ គឺ​ត្រូវ​ប្រញាប់​បញ្ជួន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ដេីម្បី​ធ្វើ​ការ​ព្យាបាល​ផ្តាច់​ញៀន​។ ​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងខេត្តកំពង់ចាម ចំនួន១៩៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧០៣នាក់ ស្រី៣០នាក់ វត្ថុតាងរួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ជាប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១,៤១៦,៨៦ ក្រាមទាំងសំបក ជញ្ជីងអេឡិចត្រូន១០គ្រឿង និងសម្ភារពាក់ព័ន្ធនៃការបង្ក្រាបមួយចំនួនទៀត ៕