ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម

0

ខេត្តព្រះសីហនុ  រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៃឥទ្ធ្ធិពលព្យុះ មូល កាលពីថ្ងៃទី១៧.១៨.១៩ ខែកញ្ញា២០២០។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ អោយដឹងថា
ក្នុងដំណាក់កាលនេះរៀបចំផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ធ្ងន់ដោយឡែកគ្រួសារប៉ះពាល់បន្តិបន្តួចនឹងពិនិត្យដោះស្រាយតាមក្រោយ។ ប្រជាជនដែលទទួលបានអំណោយសាខាកាកបាទក្រហមខេត្តថ្ងៃនេះមានចំនួន ២០៤គ្រួសារ មកពីឃុំព្រៃនប់ ១២គ្រួសារ ឃុំទួលទទឹង ៥៥គ្រួសារ ឃុំអណ្តូងថ្ម ៨៧គ្រួសារនិងឃុំសំរុង ៥០គ្រួសារ ។អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេស ទឹកស៊ីអ៊ីុវ ១យួរ   ឃីត ១កញ្ចប់(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា៥ ម៉ឺនរៀល។

លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកជំទាវ អំពាវនាវ ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន យកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំដើម្បីការជំងឺឆ្លងនានា។