រដ្ឋបាលខេត្តព្រះសីហនុ គ្រោងចុះអនុវត្តបែងចែកដីជូនភាគីទំនាស់ត្រួតគ្នានៅតំបន់អូរដំរី នៅពេលឆាប់ៗនេះ ស្របតាមស្មារតីនៃ ស.ជ.ណ លេខ១០៣១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

 

ខេត្តព្រះសីហនុ: ព្រឹកថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2020 ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ដើម្បីចុះអនុវត្តតាម សជណ លេខ 1031 របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការបែងចែកដីទំនាស់ត្រួតគ្នា រវាង ភាគីលោកស្រី ហ៊ឹម សុវណ្ណារី ឈ្មោះ ម៉ី ឌីនណាត្យា និងភាគីលោក លី ហុងស៊ីន ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នឹងចុះអនុវត្តលិខិតលេខ ១០៣១ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

ចំពោះមុខ រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងដល់ភាគីជាប់ពាក់ពន្ធ័ដើម្បីចូលរួមអនុវត្តការងារនេះនៅពេលខាងមុខនេះ។

លោក អុី ធារិន នាយកទីចាត់ការអន្ដរវិស័យ សាលាខេត្តព្រះសីហនុ បានលើកឡើងថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្ត សជណ នេះចំនួន២លើកហើយតែមិនអាចអនុវត្តបានដោយភាគីលោកស្រី ហ៊ឹម សុវណ្ណារី មិនចូលរួម។

 

យោងតាមលិខិតលេខ ១០៣១ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថាផ្ទៃដី ៤ហិកតា ៥០អា (ត្រួតគ្នា) ស្ថិតនៅចំណុចព្រំប្រទល់ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ត្រូវចែកជាពីរចំណែក ។ផ្នែកខាងជើងទំហំ ២ហិកតា ២៥អា ២សង់ទីអា ជូនភាគី លោក លី ហុងស៊ីន និង ២ហិកតា ២៥អា ១សង់ទីអាផ្នែកខាងត្បូង ជូនភាគី លោកស្រី ហ៊ឹម សុវណ្ណរី និង លោកស្រី ម៉ី ឌីនណាត្យា ។ 

គួរបញ្ជាក់ថាទីតាំងដីទំនាស់នេះស្ថិត

នៅចំណុចអូរដំរី (នៅលើទីតាំងតែមួយ)បានកើតឡើងរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដោយមានបីភាគីទំនាស់ ១.ភាគី លោក លី និងស៊ីន

២.ភាគី លោកស្រី ម៉ី ឌីនណាត្យា

៣.ភាគី ប្រជាជនរស់នៅជាក់ស្តែង។

តំបន់នេះអាជ្ញាសង្កាត់លេខ1 ក្រុងព្រះសីហនុ និងអាជ្ញាធរឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានអះអាងថាស្ថិតក្នុងដែនដីគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនតែរៀងៗខ្លួនដោយមានសំអាងហេតុផ្សេងៗគ្នា។

ក្នុងនោះភាគីទំនាស់នៅចំណុចនេះមានឯកសារសំអាងដោយមានអាជ្ញាធរទទួលស្គាល់រៀងខ្លួន។

ភាគីលោកស្រី ហ៊ឹម សុវណ្ណារី និងលោកស្រី ម៉ី ឌីនណាត្យា ទទួលស្គាល់ដោយអាជ្ញាធរសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ចំណែកភាគី លោក លី ហុងស៊ីន ទទួលស្គាល់ដោយអាជ្ញាធរឃុំអូរត្រេះ ស្រុក ស្ទឹងហាវ។

ក្រៅពីភាគីទាំងពីរនេះ មានភាគីប្រជាពលរដ្ឋចំនួន១៤៩គ្រួសារទៀតបានរស់នៅចំណុចនេះ ក៏បាននឹងកំពុងតវ៉ាទាមទារគ្រប់គ្រងដីភូមិរបស់គាត់កំពុងរស់នៅសព្វថ្ងៃនេះដែរដោយមានឯកសារសំអាងបញ្ជាក់ដោយអាជ្ញធរមូលដ្ឋានឃុំអូរត្រេះ ខណៈតុលាការកំពុងដំណើរការនីតិវិធីជាបន្តបន្ទាប់៕(មានសំលេងលោក ហ៊ូ សុផាត មេភូមិ៤ ,លោក ឆាយ សុគន្ធដារ ចៅហ្វាយស្រុកស្ទឹងហាវ លោក មាស ហាន់ អតីតអភិបាលស្រុកស្ទឹងហាវដំបូង, ចៅសង្កាត់១ ក្រុងព្រះសីហនុ លោក ឈិត សូផាត)