មន្ត្រីយោធាម្នាក់នៅវរសេនាតូច៣៨២ បានរងនូវការឃាត់ខ្លួន ដោយកម្លាំងការិយាល័យទី២ កងពលតូចលេខ៨ ករណីឃាតកម្មលើប្រពន្ធខ្លួន រួចយកសពទៅកប់នៅក្រោយផ្ទះ!

0

ព្រះវិហារ៖ កម្លាំងការិយាល័យទី២ របស់កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីយោធានៅអង្គភាពវរសេនាតូច៣៨២ រួចប្រគល់ឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ករណីឃាតកម្មលើប្រពន្ធរបស់ខ្លួន រួចយកសពទៅកប់ក្រោយផ្ទះបំបាត់ភស្តុតាង ស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ជាមួយនឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ ។

ការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះបើយោងតាមកំណត់ហេតុ របស់មន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេលេក្រាម ។

ក្នុងកំណត់ហេតុបានសរសេរបញ្ជាក់ថា កាលពីវេលាម៉ោង២១ះ០០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចUTM (៤៥២៧៥១-១៥៧៦១៧៧) ចំងាយពីស្នាក់ការសន្តិសុខលេខ២០៦ របស់ខេត្តឧត្ដរមានជ័យស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីឃាតកម្ម មួយបានកើតឡើង ។ មូលហេតុ ប្តីប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នា ជាហេតុធ្វើឲ្យប្តីទប់កំហឹងមិនបាន ស្ទុះទៅចាប់ជើង ប្រពន្ធដួលបោកក្បាលទៅនិងការូ បណ្ដាលអោយសន្លប់ រួចអូសចូលក្នុងបន្ទប់ទឹកហើយចាប់ក្បាលអុកនិងការូជាច្រើនដងបណ្តាលអោយស្លាប់និងកន្លែង ។ រហូតដល់យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ះ០០ នាទី ទើបជនសង្ស័យយកកន្ទេល មករុំសាកសព រួចយកទៅកប់នៅក្រោយផ្ទះចំងាយ៥០ម ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងដែរថា ជនសង្ស័យមានតួនាទីជាអនុសេនីយ៍ឯក ស៊ិន សឺម មេបញ្ជាការរង គ៣ វរសេនាតូចលេខ៣៨២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៨ ។

រីឯជនរងគ្រោះឈ្មោះ ហូយ ផល្លា ភេទស្រីអាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំស្រុក កើតហេតុខាងលើ។

លោកថាបច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់អោយសាច់ បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕