សមត្ថកិច្ចស្រុកជាំក្សាន្តវាយខ្នោះជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ករណីប្រើហិង្សាលើប្រពន្ធ បណ្ដាលឲ្យរបួសទ្រោមខ្លួន!

0

ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីជនសង្ស័យ បានប្រើអំពើហិង្សាលើប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងដំណំលេីផ្ទៃមុខ និងស្ទេីរពេញខ្លួនប្រាណ។

អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះថា ជនសង្ស័យ(ជាប្តី)ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នាង សុជា អាយុ៤១ឆ្នាំ មុខរបរកសិករ ។ រីឯជនរងគ្រោះ(ជាប្រពន្ធ) មានឈ្មោះ តេង ម៉ៅ អាយុ៤០ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

អធិការនគរបាលស្រុក លោកបានបញ្ជាក់ទៀតថា ហេតុការណ៍ហិង្សានេះ បានកេីតឡេីងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយជនសង្ស័យជាប្តីបានទាត់ធាក់ ថែមទាំងវាយនឹងខ្សែភ្លើង យ៉ាងឃោរឃៅទៅលើប្រពន្ធ បណ្តាលឲ្យហើមពេញមុខ មាត់ និងរលាត់ស្បែកបែកឈាមឆ្នូតៗ ឃេីញហេីយគួរឲ្យអាណិតអាសូរ។ លោកថា ក្រោមបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងបានចុះទៅអន្តរាគមន៍ភ្លាមៗ រហូតឃាត់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោ ឱ សេង បានអះអាងថា ដេីមចមដែលបណ្ដាលឲ្យអំពេីហិង្សានេះ កេីតឡេីង គឺដោយសារភ្លេីងប្រច័ណ្ឌដុតរោលពេញចិត្ត ខ្វះសតិគិតពិចារណាត្រឹមត្រូវ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តី និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕