បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប បុកម៉ូតូខ្មែរ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

0

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនឹងបុរសជនជាតិចិន-ខ្មែរពីរនាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD បុកជាមួយម៉ូតូឌ្រីមសង់ ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សពជនរងគ្រោះ(ស្លាប់) មានឈ្នោះ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតភូមិពោធី២ សង្កាត់គា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិនចំនួន២នាក់ រួមដំណើរនឹងបុរសជនជាតិខ្មែរម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9188 ធ្វើដំណើរតាមបណ្តោយផ្លូវR11ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនបានបុកជាមួយម៉ូតូឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-1753 ជិះដោយបុរស៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅពីកើតទៅលិច បុកចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់បុរសម្នាក់ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើករត់រាប់សិបម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាឃាត់បានមកវិញ និងឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។ ចំណែកជនជាតិចិន២ នាក់ទៀត បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅស្រុកធ្វើបុណ្យតាមប្រពៃណី៕