អគ្គនាយកដ្ឋានសុខភាពសត្វសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលសត្វខេត្តកំពង់ធំចុះយុទ្ធនាការ ចាក់វ៉ាក់សាំងការពារទប់ស្កាត់ជំងឺគោក្របី

0

ខេត្តកំពង់ធំ.អគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ធំ បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារទប់ស្កាត់ការឆ្លងរាត្បាតជំងឺដល់គោ ក្របី និងចាក់វ៉ាក់សាំងការពារជម្ងឺអុតក្តាម គោ ក្របី នៅព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅ ភូមិក្រាំងដើម ភូមិនរវាង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងកិច្ចសហការចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់គោក្របី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ឡង​ គឺសឹង អភិបាលស្រុកសណ្តាន់ លោកសុខ ដារ៉ូ ប្រធានការិយាល័យអង្កេតស្រាវជ្រាវតាមដានប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វនៃ អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្ម និងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំ រួមទាំងមន្រ្តីជំនាញ បានចុះចាក់វ៉ាក់សាំងដល់គោ ក្របី១៥០ក្បាល ចែកថ្នាំព្យាបាលដំបៅ៣០០ដប និងផ្តល់វ៉ាក់ការពារជម្ងឺអុតក្តាម សម្រាប់ពេទ្យសត្វស្រុក និងភូមិ ចុះយុទ្ធនាការចាក់បន្តនៅតាមចំនួន១០០០ក្បាល។

លោកតាន់ ម៉េងឆាង បានបញ្ជាក់ថា ភូមិក្រាំដើមមានប្រជាជនសរុប៩៧គ្រួសារ គោក្របីសរុប២១៨ក្បាល ក្នុងនោះក្របី៦៩ក្បាល គោកំពុងឈឺចំនួន១៥ក្បាល ធ្វើវ៉ាក់សាំងអ៊ុតក្ដាមបានចំនួន១៥៨ក្បាល ក្របី៥៥ក្បាល ចែកថ្នាំប្លឺមេទីឡែនបានចំនួន១៥គ្រួសារ និងបានធ្វើការព្យាបាលបង្ហាញគោបានចំនួន៦ក្បាល ក្រុមការងារបន្ដចាក់វ៉ាក់សាំងទប់ស្កាត់ និងព្យាបាលបន្តទៀត នៅភូមិរវៀង ឃុំងន មានចំនូនប្រជាជនក្នុងភូមិសរុប ៣៩៧គ្រួសារ គោក្របីសរុប៩៥០ក្បាល ក្នុងនោះមានក្របី២៥០ក្បាល ក្នុងឈឺចំនួនគោក្របីសរុប៦៥០ក្បាល ក្នុងនោះក្របី២៥០ក្បាលងាប់កូនគោចំនួន៣ក្បាល ក្រុមការងារបានប្រជុំផ្សព្វផ្សាយ អំពីជម្ងឺអ៊ុតក្ដាមដែលមានប្រជាពលរដ្ឋចូលរួមសរុប៧៣គ្រួសារ ក្នុងនោះស្រ្ដី៦០នាក់ បានចែកថ្នាំប្លឺចំនួនចំនួន ៧៣គ្រួសារ៕

លោកឡង​ គឺសឹង បានមានប្រសាសន៍ ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាទ្រព្យសម្បត្តិ គោ ក្របី ព្រោះជារបស់ ដែលមានតំលៃ មិនត្រូវព្រលែងចោលដោយគ្មានការយកចិត្តទុកដាក់នោះទេ វាធ្វើឲ្យមានការឆ្លងជំងឺផ្សេងៗនៅក្នុងរដូវភ្លៀងធ្លាក់នេះ និងសំណូមពរពុកម៉ែ មាមីងបងប្អូនដែលចិញ្ចឹមសត្វពាហនៈ គោក្របីជ្រូកមេត្តាប្រុងប្រយ័ត្នថែរក្សាអនាម័យ ទុកដាក់សត្វអោយបានល្អ បើមានការសង្ស័យ សូមរាយការណ៍មកភ្នាក់ងារពេទ្យសត្វតាមភូមិ ដើម្បីសុំអន្តរាគមន៍បន្ត ដើម្បីឲ្យជំនាញគេចុះមកព្យាបាល ឲ្យបានទាន់បេលវេលា។

លោកសុខ ដារ៉ូ ប្រធានការិយាល័យអង្កេតស្រាវជ្រាវតាមដានប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វ បានមានប្រសាសន៍ថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាមន្ទីរកសិកម្មខេត្ត រួមទាំងការិយាល័យផលិតកម្មបស្សុព្យាបាលសត្វ ខេត្តកំពង់ធំ ទទួលបានការណែនាំផ្តាំផ្ញើរពី ឯកឧត្តម រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម ឲ្យយកចិត្តទុកដាក់បំផុត ចំពោះការចុះ ជួយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារព្យាបាលការឆ្លងរាត្បាតជំងឺអុតក្តាម ឬជំងឺផ្សេងៗ ដែលអាចកើតឡើងនៅលើសត្វពាហនៈ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រាយការណ៍មកពេទ្យសត្វភូមិ ឬពេទ្យសត្វស្រុក បើកាលណាមានការសង្ស័យថាមានការឆ្លងជំងឺ ដើម្បីឲ្យក្រុមការងារចុះពិនិត្យស្ថានភាពជំងឺជាក់ស្តែង និងព្យាបាលបាន ទាន់ពេល។

ដោយ ប៊ុន រដ្ឋា