គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក)បន្តចុះវឌ្ឍនភាពនៃផ្លូវទាំង៣៤ខ្សែនៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖  សម្តេចប្រមុខ រាជរដ្ឋាភិបាលកម្ពុជាមានបំណងស្តារនិងអភិវឌ្ឍខេត្តព្រះសីហនុ អោយក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា។

ការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់គឺជាចំណុចត្រូវដោះស្រាយជាចាំបាច់។
ទន្ទឹមនេះការរៀបចំបណ្តាញទឹកស្អាត លូទឹកកខ្វក់ បណ្តាញភ្លើងអគ្គីសនី និងផ្នែកផ្សេងៗទៀតក៏កំពុងរៀបចំផងដែរ ដើម្បីកសាងក្រុងព្រះសីហនុ អោយក្លាយជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ទំនើបស៊ីវិល័យនៅថ្ងៃអនាគត់។

តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ផែនការស្ថាបនាផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ក៏ត្រូវបានធ្វើឡើងដោយចំណាយថវិការប្រមាណ៣០០លានដុល្លារអាមេរិក។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដំណើរការបើកការដ្ឋានសាងសង់ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងក្រុងព្រះសីហនុ បច្ចុប្បន្ននេះសមិទ្ធិផលផ្លូវទាំង៣៤ខ្សែនេះកំពុងពន្លេចខ្លួនបង្អួតសម្រស់ ដាក់អ្នកធ្វើដំណើរឆ្លងកាត់និងទទួលការសាទរយ៉ាងក្រៃលែងពីមហាជននិងភ្ញៀវទេសចរដែលបានមកដល់ខេត្តព្រះសីហនុ។
ក្រៅពីទ្រូងផ្លូវ, ផ្លូវថ្មើរជើង,
អំពូលភ្លើងលម្អតាមដងផ្លូវ ,ដើមឈើ ,សួនផ្កា, ប្រពន្ធ័កាំមេរ៉ាសុវត្ថិភាព កំពុងរៀបចំផងដែរស្របតាមអ្វីដែលបានគ្រោងទុករបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក)។

នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីអមដំណើរ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំងនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)ក្រោយចុះពិនិត្យបានបញ្ជាក់អំពីលទ្ធផលការងារដូចខាងក្រោម៖
១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%
៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០, ៥%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥, ៨៣ %
៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%
៨ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៨. ការងារដំឡើងភ្លើងស្អប់ចរាចរណ៍សម្រេចបាន ៤៥ %
១០. ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០%។