លោក ម៉េត មាសភក្ដី ៖ បញ្ឈប់ការយកសម្រាមជាចំណាប់ខ្មាំងទៀតទៅ!

0

ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា យើងមិនអាចបន្តអនុញ្ញាតឱ្យអ្នកយកសម្រាមធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់លោក ម៉េត មាសភក្ដី បានបន្តថា រដ្ឋបាលរាជធានីបានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន។

លោកបានគូសបញ្ជាក់ថា ប៉ុន្តែទោះឈរលើស្មារតីយោគយល់ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើសនៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍នៃការសំអាតទីក្រុងឡើងវិញ។

សូមអំពាវនាវដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ។ ជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញតួនាទីរៀងៗខ្លួនឡើងវិញ ដើម្បី “ទីក្រុងយើងទាំងអស់គ្នាស្អាត” ។

លោកបន្ថែមថា ពិតជាត្រូវបន្ថែមបន្ទុកដល់បងៗប្រជាការពារ និងអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ គ្រប់ជាន់ថ្នាក់ដែលកំពុងដុតដៃដុតជើងប្រមូលកើបក្នុងអន្តរកាលមួយនេះ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង។

សូមអរគុណដល់ការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលកំពុងដោះស្រាយនេះ៕